ជើងមាន់ខុសច្បាប់ ជាង០៧តោន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងបង្ក្រាប!
ព្រៃវែងៈ ជើងមាន់ខុសច្បាប់ ជាង០៧តោន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងបង្ក្រាបដែលគេសង្ស័យថាមានផ្ទុកនូវសារធាតុគីមីនាំអោយប៉ះពាល់ ដល់សុខភាពអ្នកទទួលទានធ្ងន់ធ្ងរ ។
យោងតាមសេចក្តីរាយការណ៍ របស់សមត្ថកិច្ចកងរាជអាវុធហត្ថបាន អោយដឹងថានៅវេលាម៉ោង១៣ និង០០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំចាយមារ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការបង្ក្រាបករណីដឹកចំណីអាហារខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិជោរទី២ ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវេង។
នេះបើតាមការឱ្យដឹងពី លោកវរសេនីយ៍ឯក ឈួន គឹមសាន បានឱ្យដឹងថា បង្ក្រាបករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន រួមមានៈ
១. រថយន្តចំនួន០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C.5488
២. មាន់រស់ ចំនួន ១៦០០ក្បាល
៣.ជើងមាន់ ចំនួន ៤៧០កេស ដែលមានទម្ងន់ ៧០៥០គីឡូក្រាម។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។