គយថៃ ចាប់ខ្ទឹមសគេចពន្ធជាង៤តោន នៅស្រុកអារញ្ញសង្ស័យលបជ្រៀតឆ្លងដែនតាមព្រំដែនកម្ពុជា!
ថៃៈ គយថៃធ្វើការរឹបអូសខ្ទឹមសគេចពន្ធជាង៤តោន នៅស្រុកអារញ្ញដែលភាគីថៃអះអាងថាខ្ទឹមសទាំងនេះត្រូវបានគេនាំមកពីប្រទេសចិនហើយ អាចលបជ្រៀតឆ្លងដែនគេចពន្ធ តាមច្រករបៀងជាប់ព្រំដែនកម្ពុជា ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចណងសុំប៊ូន ក្នុងភូមិ៧ ឃុំខ្លងហ៊ិនពូន ស្រុកវ៉ាំងណាំយិន ខេត្តស្រះកែវ ប្រទេសថៃ ដោយកម្លាំងតម្រួត សហការជាមួយកម្លាំងគយ និងរដ្ឋាករស្រុក ធ្វើការត្រួតពិនិត្យ និងឆែកឆេរទៅលើឃ្លាំងស្តុកទំនិញមួយកន្លែង ដែលគេសង្ស័យថា អាចមានទំនិញគេចពន្ធ។
ជាលទ្ធផល កម្លាំងបានរកឃើញមើមខ្ទឹមស សរុបចំនួន ២៣០ ការ៉ុងស្មើនឹងទម្ងន់ ៤៦០០ គីឡូក្រាម ( ជាង៤តោន ) ជាប្រភេទខ្ទឹមសមកពីប្រទេសចិន ប៉ុន្តែក្នុងខណៈនោះដែរ មិនមានប្រភពណាមួយចេញមុខអះអាងថា ជាម្ចាស់ទំនិញគេចពន្ធនេះឡើយ ។
សមត្ថកិច្ចជំនាញ បានដាក់ការសង្ស័យថា ខ្ទឹមសទាំងនេះ អាចនាំឆ្លងដែនតាមច្រករបៀងចេញពីប្រទេសកម្ពុជា ចូលទៅស្តុកក្នុងឃ្លាំងនេះ ដើម្បីបន្តធ្វើការចែកចាយទៅតាមទីផ្សារនានាក្នុងប្រទេសថៃ ដោយមិនមានការបង់ពន្ធឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់របស់អង្គភាពគយ និងរដ្ឋាករ សោះឡើយ ។
ក្រោយកម្លាំងចម្រុះរឹបអូសខ្ទឹមសទាំងនេះ ត្រូវយកទៅរក្សាទុកនៅសាខាគយ ក្នុងស្រុកអារញ្ញរង់ចាំធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកម្ចាស់មកធ្វើការតាមនីតិវិធីច្បាប់៕