ចាប់ខ្លួន លោក អ៊ួន ឈិនអតីត:បុគ្គលិកអាស៊ីសេរី ភ្លាមៗ ដោយគ្រាន់តែបើកបន្ទប់ច្រៀងលេង ចោទថា បើកកន្លែងផ្សាយព័ត៌មាន
អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ ប្រាប់ឲ្យដឹងថាការឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរីរូបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុំ សុភ័ក្រ ព្រមទាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរង បន្ទាប់ពីរកឃើញតម្លើងប្រព័ន្ធផ្សព្វផ្សាយ ធ្វើព័ត៍មានចេញពីកម្ពុជា បញ្ជូនទៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយគ្មានច្បាប់ ។
លោក តេង ស៊ីណូ បញ្ជាក់ឲ្យដឹងថាលោក អ៊ួន ឈិន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្លាមៗដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុផ្សេងៗ ក្រោយរកឃើញថាលោក អ៊ួន ឈិន បានរៀបចំដំឡើងបន្ទប់ផ្សាយចេញពីទីតាំងសណ្ឋាគារម៉ារឌី ទៅឲ្យវិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោន ដោយខុសច្បាប់ ។
លោកអធិការ បញ្ជាក់បន្ថែមថា នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនឹងបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីធ្វើការស៊ើបអង្កេត និងកោសល្យវិច្ច័យលើភស្តុតាង ដែលបានរកឃើញនៅក្នុងបន្ទប់សណ្ឋាគារនេះ ។
គួរជម្រាបផងដែរថាបន្ទាប់ពីចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា បិទដំណើរការផ្សាយរបស់វិទ្យុជាង២០មកនោះ វិទ្យុអាស៊ីសេរី បានសម្រេចចិត្តផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយយល់ឃើញថាចំណាត់ការរបស់រាជរដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យខ្លួនបន្តបេសកកម្មបានទៀតទេ។
វិទ្យុទទួលជំនួយពីបរទេសមួយនេះ បានហៅចំណាត់ការរបស់រាជរដ្ឋាភិបាល មកលើប្រព័ន្ធផ្សព្វផ្សាយថាជាការបង្ក្រាបមកលើសម្លេងឯករាជ្យ ។ នេះបើយោងសេចក្ដីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ៕