ប៉ូលិសចាប់បានចោរប្លន់ម៉ូតូផ្ទុះអាវុធមួយប្រាវផ្អើលប្រជាពលរដ្ឋទាំងព្រឹក!
សៀមរាប៖កាន់តែសាហាវជនសង្ស័យប្រដាប់អាវុធម្នាក់ បានធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿងបានសម្រេច ហើយព្យាយាមគេចខ្លួននៅពេលកម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមប្រកិតជនសង្ស័យក៏បានបាញ់មកលើសមត្ថកិច្ចមុនហើយក៏ផ្ទុះអាវុធមួយប្រាវផ្អើលពលរដ្ឋទាំងព្រឹកចុងក្រោយសមត្ថកិច្ចក្របួចជាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិកូនសាត់ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អធិការនគរបាលស្រុកប្រាសាទបាគង លោក មិន ចន្ថា បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណុប វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿងម៉ាកC125 សេរី២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ របស់ឈ្មោះ ចាប ចិន ភេទប្រុសអាយុ៦២ឆ្នាំ រស់នៅភូមិកើតហេតុ។
លោកអធិការ បានបន្តថា ក្រោយពីទទួលបានព័ត៌មានចោរប្លន់ភ្លាម លោកក៏បានបញ្ជាកម្លាំងនគរបាល តាមប្រមាញ់ជនសង្ស័យ ដោយជនសង្ស័យបានជិះម៉ូតូគេចខ្លួនដល់ខាងជើងសាលាស្រុកប្រាសាទបាគង ត្រូវសមត្ថកិច្ចតាមទាន់ ហើយជនសង្ស័យបានបាញ់មកលើសមត្ថកិច្ច៤គ្រាប់ សមត្ថកិច្ចក៏បានបាញ់តបតមួយគ្រាប់ចំដៃខាងស្តាំជនសង្ស័យ ពេលនោះជនសង្ស័យបានរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានតែម្តង។
លោកអធិការបន្តទៀថា ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានដកហូតកាំភ្លើងខ្លីម៉ាកK៥៩១ដើម និងម៉ូតូជនរងគ្រោះមកវិញ។
ទោះជាយ៉ាងណាក្រោយពីសាកសួរនិងធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ចនិងបញ្ជូនសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕