ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ចូលជួបសម្តែងការគួរសម
ថ្ងៃទី ១៧ ខែ មករាឆ្នាំ ២០១៧​ ម៉ោង 05:21 PM
ដោយ ៖ ខ្មែរជាយដែន (ចំនួនអ្នកអាន: 819នាក់)


ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម Ryu SHIONOYA ប្រធានសមាគមមិត្តភាពសភាជប៉ុន-មេគង្គ និងជាអតីតរដ្ឋមន្រ្តីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ។

នៅក្នុងជំនួបនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានជួបឯកឧត្តមជាថ្មីម្តងទៀត ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ តាមរយៈដំណើរទស្សនកិច្ចនេះ ពិតជាបានរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម Ryu SHIONOYA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីទទួលគណៈប្រតិភូនាឱកាសនេះ។ ឯកឧត្តមក៏បានរំលឹកអំពី ជំនួបជាមួយសម្តេចប្រធានព្រឹទ្ធសភានាពេលកន្លងទៅ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងកំឡុងពេលអញ្ជើញបំពេញទស្សនកិច្ចរបស់សម្តេចនៅប្រទេសជប៉ុន។

ឯកឧត្តម បានជម្រាបអំពីគោលបំណងនៃការបង្កើតសមាគមមិត្តភាពសភាជប៉ុន-មេគង្គនេះឡើង គឺដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេសនានានៅក្នុងតំបន់ទន្លេមេគង្គ លើវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ចំពោះវិស័យសេដ្ឋកិច្ច ប្រទេសជប៉ុនមើលឃើញថា ប្រទេសកម្ពុជា គឺជាប្រទេសដែលស្ថិតនៅច្រកកណ្តាលនៃភាគខាងត្បូង និងជាចំណុចសំខាន់នៅតំបន់ទន្លេមេគង្គ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានសមាគម បានលើកយោបល់អំពី ការផ្លាស់ប្តូរទំនាក់ទំនងគ្នាទៅវិញទៅមករវាងអង្គការនីតិប្បញ្ញត្តិជប៉ុន-កម្ពុជា ក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន-កម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

ជាការឆ្លើយតប ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងការរួមវិភាគទានដ៏ថ្លៃថ្លា ដល់ការអភិវឌ្ឍប្រទេសកម្ពុជា តាំងពីមុនរហូតមកដល់បច្ចុប្បន្ននេះ រួមទាំងការវិភាគទានក្នុងដំណើរការសាលាក្តីខ្មែរក្រហម និងការផ្តល់ជំនួយបច្ចេកទេស បរិក្ខារ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិច ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តាមរយៈជំនួយសម្តារ បរិក្ខារទាំងអស់នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។

ទន្ទឹមគ្នានេះដែរ សម្តេចបានសម្តែងនូវការស្វាគមន៍ចំពោះរដ្ឋាភិបាលជប៉ុន ដែលបន្តផ្តល់ជំនួយជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា តាមមធ្យោបាយពីរយ៉ាង គឺទី១ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា និងទី២ ជួយឲ្យប្រទេសកម្ពុជារៀបចំការបោះឆ្នោត ដោយត្រឹមត្រូវ ទៀងទាត់តាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ យុត្តិធម៌ និងគ្រប់គណបក្សនយោបាយទទួលយកបានទាំងអស់គ្នា។

សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កំពុងខិតខំថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព និងដើម្បីឲ្យការបោះឆ្នោតនាឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយរលូនក្នុងសុខសន្តិភាព គ្មានអំពើហឹង្សា។

សម្តេចប្រធានព្រឹទ្ធសភា បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិបការរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុននេះ ដែលទទួលបានលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់។ នៅក្នុងឱកាសនោះ សម្តេចបានស្នើដល់សមាគមមិត្តភាពសភាជប៉ុន-មេគង្គ ឲ្យជួយលើតម្រូវការបីយ៉ាងរបស់ព្រឹទ្ធសភាកម្ពុជាគឺ ទី១-ការបណ្តុះបណ្តាលធនធានមនុស្ស ទី២-ការផ្តល់សម្ភារៈ បរិក្ខារ គាំទ្រដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងទី៣-ការផ្តល់អាហាររូបករណ៍ដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទៅសិក្សាដកពិសោធន៍ការងារនៅប្រទេសជប៉ុន។

ចំពោះសំណើទាំងអស់នេះ ភាគីជប៉ុនបានសន្យាទទួលយកទៅពិចារណា ដោយយកចិត្តទុកដាក់។ ក្រៅពីនេះ ភាគីជប៉ុនបានយកចិត្តទុកដល់ការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងយុវជនកម្ពុជា និងយុវជនជប៉ុន តាមរយៈផែនការរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ ជាមួយគ្នានោះដែរ គណៈប្រតិភូបានសម្តែងនូវការចាប់អារម្មណ៍លើវិស័យអប់រំ និងការវិនិយោគនៅប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនទាំងតូច ធំ និងមធ្យមជប៉ុន សុទ្ធតែចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា និងស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលដល់បញ្ហាប្រឈមខ្លះ ពាក់ព័ន្ធនឹងច្បាប់ និងនីតិវិធី ដែលក្រុមហ៊ុនទាំងអស់នោះ កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

ទាក់ទងនឹងការផ្លាស់ប្តូរយុវជននៃប្រទេសទាំងពីរ សម្តេចបានឯកភាព និងស្វាគមន៍ចំពោះរដ្ឋាភិបាលជប៉ុន ដែលមានបំណងចង់ឲ្យមានការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងយុវជននៃប្រទេសទាំងពីរ។ បន្ថែមពីលើនេះ សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់អំពីវិស័យអប់រំថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងខិតខំកែទម្រង់លើវិស័យអប់រំ  គឺធ្វើយ៉ាងណាបង្ខិតសាលារៀនឲ្យជិតប្រជាពលរដ្ឋ គឺក្នុង៤ភូមិ មានសាលាបឋមសិក្សាមួយកន្លែង និងកំរិតមធ្យសិក្សា គឺធើ្វយ៉ាងណាឲ្យការប្រឡងប្រកបដោយគុណភាព ដើម្បីសម្រេចនូវគោលបំណងបី គឺទី១ ពង្រឹងគុណភាពខាងវិស័យអប់រំ ទី២-បំពេញចិត្តមាតាបីតាសិស្ស និងទី៣-បម្រើនូវផលប្រយោជន៍អនាគតប្រទេសជាតិ។

ចំណែកឯការវិនិយោគវិញ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំសម្រួលទាំងនីតិវិធី បែបបទ និងបទដ្ឋានច្បាប់ ដើម្បីឲ្យការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា កាន់តែមានភាពងាយស្រួល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមស្វាគមន៍ចំពោះការវិនិយោគទុនគ្រប់ក្រុមហ៊ុនជប៉ុនទាំងអស់នៅកម្ពុជា។ នាពេលខាងមុខ រាជរដ្ឋាភិកម្ពុជា នឹងខិតខំបង្កភាពអនុគ្រោះដល់ការវិនិយោគទុនពីជប៉ុន និងបរទេស ឲ្យកាន់តែប្រសើរថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
158 នាក់
ម្សិលមិញ :
936 នាក់
សប្តាហ៍នេះ :
2678 នាក់
ខែនេះ :
21658 នាក់
3 ខែនេះ :
68425 នាក់
សរុប :
2361276 នាក់