រថយន្តដឹកកម្មកររោងចក្រជូហ៊ូយ ខាលីតុនក្រឡាប់របួសកម្មករ៩៤នាក់!
កំពង់ចាមៈ រថយន្តដឹកកម្មកររោងចក្រ១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យកម្មការនីចំនួន៩៤នាក់ រងរបួស ក្នុងនោះរបួសធ្ងន់៨នាក់ ។
ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោងវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ៦A ចន្លោះគីឡូម៉ែតលេខ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ភេទប្រុស មានទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ដឹកកម្មកររោងចក្រ បើកពីលិចទៅកើត ចូលរោងចក្រជូហួយក្រឡាប់ខ្លួនឯង បណ្ដាលឲ្យកម្មកររបួសធ្ងន់និងស្រាលជាច្រើននាក់តែម្ដង ក្រោយកើតហតុអ្នកបើកបរបានគេចខ្លួនបាត់ស្រមោល។
ទោះជាយ៉ាងណាក្រោយពីបានទទួលដំណឹងថា មានរថយន្ដដឹកកម្មកររោងចក្រ ក្រឡាប់នៅស្រុកព្រៃឈ ខេត្តកំពង់ចាម លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ កម្មករកម្មការិនី រោងចក្រជូហ៊ូយ ខាលីតុន ដែលរងរបួសជាង១០០នាក់ កំពុងសកម្រាកព្យាបាលក្នុងមន្ទីរពេទ្យស្រុកជើងព្រៃ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់កម្មការិនី ក្នុងម្នាក់ចំនួន៥០០០០រៀល ហើយកម្មករបួសធ្ងន់ចំនួន៨នាក់ ៣នាក់បញ្ជូនមកភ្នំពេញ និង៥នាក់បញ្ជូនមកមន្ទីរពេទ្យខេត្ត អ្នកមានផ្ទៃពោះ៤នាក់ផងដែរ៕