ឈើគ្រញូងជិត២០០ដុំដែលបម្រុងឆ្លងដែនមកកម្ពុជាត្រូវបានថៃចាប់!
ប្រទេសថៃ៖កំលាំងតម្រួតរួមទាំងរដ្ឋបាលព្រៃឈើនិងទាហានឈុតខ្មៅលេខ១៣របស់ថៃបានធ្វើការឡោមព័ទ្ធចំការអំពៅក្រសោបបានជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់និងរឹបអូសបានឈើគ្រញូងដែលជ្រៀករួចហើយប្រមាណជិត២០០ដុំដែលត្រៀមបម្រុងនាំឆ្លងដែនចេញមកកម្ពុជា។ យោងតាមរបាយការពីប្រទេសថៃបានបញ្ជាក់ថា កិច្ចប្រតិបត្តិការដែលធ្វើឡើងដោយ កំលាំងតម្រួត កំលាំងរដ្ឋបាលព្រៃឈើនិងទាហានឈុតខ្មៅលេខ១៣ បានប្រមូលផ្តុំគ្នា កាលពីរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៧ចុះទៅកាន់ទីតាំងចំការអំពៅមួយកន្លែងដែលនៅជាយភូមិ២ត្រង់ចំណុចណូនស្ងារស្ថិតក្នុងឃុំសៃថង ស្រុកខ្លងហាតខេត្តស្រះកែវ ប្រទេសថៃ ។
ក្នុងការឡោមព័ទ្ធចំការអំពៅខាងលើនេះ ដោយសារតែកំលាំងទទួលបាននូវព័ត៌មានស្តីពីការលបលួចកែច្នៃឈើគ្រញូងដើម្បីឆ្លងដែនចេញទៅក្រៅប្រទេស ដែលនៅទីនោះមានមុខសញ្ញាចំនួន៤នាក់ ដែលកំពុងធ្វើសកម្មភាពជ្រៀកដុំឈើគ្រញូង ប៉ុន្តែពេលកំលាំងបង្ហាញខ្លួនគឺពួកគេចំនួនពីរនាក់ បានរត់គេចខ្លួនបាត់ស្រមោលដោយឡែកពីរនាក់ទៀតត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ ។ជនសង្ស័យទាំងពីរ មានឈ្មោះ ប្រាក់យ៉ូន ហាមថង និងឈ្មោះ រិទ្ធិផុង សំរោងផលដោយជាក់ស្តែងកំលាំងបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួនដូចជា រណារយន្តចំនួន៣គ្រឿង ឈើគ្រញូងចំនួន១៩០ដុំសម្ភារៈសម្រាប់ជ្រៀកមួយចំនួនថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១២គ្រាប់និងម៉ូតូម៉ាកយ៉ាម៉ាចំហាចំនួន១គ្រឿងផងដែរ។បច្ចុប្បន្នវត្ថុតាងរួមជាមួយនឹងមុខសញ្ញាពីរនាក់ត្រូវបានកំលាំងសមត្ថកិច្ចជំនាញនាំយកទៅកាន់ខេត្តស្រះកែវដើម្បីសាកសួរបន្ត បន្ទាប់ពីពួកគេបានសារភាពថាឈើទាំងនេះគឺជ្រៀកជាដុំៗ ដើម្បីនាំចេញឆ្លងដែនទៅប្រទេសកម្ពុជា ៕