នគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនជនជាតិឡាវម្នាក់ រឹបអូសថ្នាំញៀនជិតពីរគីឡូក្រាម!
ស្ទឹងត្រែង៖ បុរសជាតិឡាវជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់នាំចេញពីឡាវចូលមកកម្ពុជាម្នាក់អស់ល័ក្ខត្រូវបាននគរបាលខេត្តស្ទឹងត្រែងបង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅតុលាការដោយរឹបអូសបានថ្នាំញៀនមានទម្ងន់ជិតពីរពាន់ក្រាម។
ប្រតិបត្តិការនោះ ត្រូវគេធ្វើឡើងនៅម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១ធ្នូ២០១៧ នៅមាត់ទន្លេ នៃចំណុចកោះឫស្សី ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននៅពេលនេះ ឈ្មោះ ស៊ីរិញ៉ាក់វង្សប៉ក់ អាយុ២៨ឆ្នាំ ជនជាតិឡាវ រស់នៅភូមិម៉ាក់ខ្ញៀវ ស្រុកប៉ាក់ង៉ើម រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ។
សមត្ថកិច្ចបានដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក មានទម្ងន់១៩៩៨.៧ក្រាម ជិត២គីឡូក្រាម ។
ទោះជាយ៉ាងណាក្រោយពីសាកសួរនិងធ្វើកំណត់ហេតុរួចរាល់ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕