រដ្ឋបាលក្រុងប៉ោយប៉ែតសហការជាមួយមន្ទីរបរិស្ថានបើកយុទ្ធនាការអនាម័យបរិស្ថាន!
ប៉ោយប៉ែត៖ទីក្រុងស្អាតរមណីយដ្ឋានស្អាតគឺជា
មុខមាត់ប្រទេសជាតិ ហើយបរិស្ថានល្អ គឺជាភារកិច្ច
ពលរដ្ឋទាំងអស់គ្នា។កាលពី ព្រឹកថ្ងៃពុធ ១០កើត ខែបុស្សនព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី២៧ខែធ្នូគ.ស២០១៧រដ្ឋបាលក្រុងប៉ោយប៉ែតសហការជាមួយមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ។
បានប្រារព្វពិធីយុទ្ធនាការអនាម័យបរិស្ថានក្រោមអធិបតីភាពលោកសានស៊ានហូអភិបាលនៃគណៈអភិបាលក្រុង ប៉ោយប៉ែត។
កម្មវិធីប្រព្រឹត្តទៅ ក្នុងបរិវេណវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយមានការចូលរួមពីគណៈអភិបាលក្រុង ប្រធានមន្ទីរបរិស្ថានខេត្ត មន្ត្រីរាជការ ការិយាយ អង្គភាពជុំវិញក្រុង ក្រុមប្រឹក្សាក្រុង សង្កាត់ អង្គភាពភូមិ ប្រជាការពារភូមិ លោកគ្រូអ្នកគ្រូ សិក្សានុសិស្សកាកបាទក្រហមកាយរិទ្ធិនិងសសយកក្រុង ប្រមាណចំនួន៥៦៦ នាក់។
ក្នុងឱកាសនោះលោកសានស៊ានហូដែលជាអភិបាលក្រុងប៉ោយប៉ែតបានលើកឡើងថាទីក្រុងប៉ោយប៉ែតគឺជាច្រកទ្វារអន្តរជាតិមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ
ឆ្លងកាត់មុនគេមុននឹងឆ្លងទៅកាន់ខេត្តនានា។
ដូច្នេះបញ្ហាបរិស្ថាននិងអនាម័យត្រូវតែរៀបចំសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយមិនត្រូវលក់តាមចិញ្ចើមថ្នល់បញ្ហាសំរាមមិនត្រូវចោលពាសវាលពាសកាលឡើយ ។
លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសំអាតអនាម័យបរិស្ថានអោយបានល្អទីក្រុងស្អាតរមណីយដ្ឋានស្អាតគឺជាមុខមាត់ប្រទេសជាតិ ហើយបរិស្ថានល្អ គឺជាភារកិច្ចពលរដ្ឋទាំងអស់គ្នា។
ជុំវិញបញ្ហានេះមជ្ឈដ្ឋាននានានៅទីក្រុងប៉ោយប៉ែតកោតសរសើរថាក្រោយការចូលកាន់តំណែងលោកសានស៊ានហូបានយកចិត្តទុកដាក់ខ្លាំងទៅលើសណ្តាប់ធ្នាប់អនាម័យនិងបរិស្ថាននេះបានល្អប្រសើរជាងជំនាន់លោកង៉ោម៉េងជ្រួន។ ទោះជាយ៉ាងណាការសំអាតនិងអនាម័យមិនមែនជាភារកិច្ចលោកអភិបាលក្រុងតែម្នាក់គឺត្រូវមានការចូលពីប្រជាពលរដ្ឋទាំងអស់ចេះអនាម័យនិងចូលរួមថែរក្សាបរិស្ថានទើបទីក្រុងស្អាតនិងជាមុខមាត់បប្រទេសជាតិយើងបាន ៕