សហរដ្ឋអាមេរិកដាក់បម្រាមទិដ្ឋាការមន្ត្រីកម្ពុជា និងគ្រួសារ
ភ្នំពេញៈក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសបិទទិដ្ឋាការ ឬ វីសាចំពោះមន្ត្រីរដ្ឋាភិបាលកម្ពុជាទាំងឡាយណា ដែលចូលដៃក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
មន្ត្រីនាំពាក្យក្រសួងការបរទេស អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៦ ខែធ្នូ នេះថា ចំណាត់ការជាក់ស្តែង និងដ៏ម៉ឺងម៉ាត់នេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍សិទ្ធិមនុស្ស ដោយសារការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងដូចជាការហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមធ្វើនយោបាយ ការចាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ ការធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
ក្រសួងការបរទេសសូមប្រកាសថា រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបិទទិដ្ឋាការ ឬ វីសា ចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ចំពោះមន្ត្រីរដ្ឋាភិបាលទាំងអស់ខាងលើ។ អ្នកស្រីបន្តទៀតថា ក្រុមគ្រួសាររបស់មន្ត្រីទាំងនោះ ក៏នឹងត្រូវបិទទិដ្ឋាការ ឬ វីសា នេះដែរ ក្នុងកាលៈទេសៈជាក់លាក់។
ចំណាត់ការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ គឺធ្វើឡើងនៅក្រោយពីសេតវិមានប្រធានាធិបតីអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងព្រមានរដ្ឋាភិបាលកម្ពុជា ជាមុនរួចទៅហើយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅនេះ។ កាលណោះសេតវិមានបានបញ្ជាក់ថា នឹងចាត់វិធានការនេះ។ មន្ត្រីនាំពាក្យក្រសួងការបរទេសដដែលសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញលើចំណាត់ការរបស់ខ្លួនដោយត្រូវលុបចោលសេចក្ដីសម្រេចរម្លាយគណបក្សប្រឆាំង ដោះលែងលោក កឹម សុខា និង អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចបន្តសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញរបស់ពួកគេឡើងវិញ។ បើរដ្ឋាភិបាលកម្ពុជា ចាត់ការតាមការអំពាវនាវខាងលើនេះ នោះសហរដ្ឋអាមេរិក នឹងដកបម្រាមក្នុងការធ្វើដំណើរនេះចេញវិញ ហើយការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខ អាចនឹងត្រូវបានទទួលស្គាល់ថា មានភាពស្របច្បាប់។ អ្នកស្រី ហឹតឌើ ណៅអឹត បញ្ជាក់ជាចុងក្រោយថា សហរដ្ឋអាមេរិក នឹងនៅតែតាមដានស្ថានការណ៍នៅកម្ពុជា និងចាត់វិធានការនានាបន្ថែមទៀតទៅតាមការចាំបាច់។ ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក នឹងនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែងជាមួយប្រជាពលរដ្ឋនៃប្រទេសកម្ពុជា។
លោកជុំ ប៊ុនរ៉ុងឯកអគ្គរាជទូតកម្ពុជាបានប្រាប់ វិទ្យុបរទេសថា៖ «ការសម្រេចចិត្តនេះមិនឈរលើសច្ចធម៌ ការពិតដែលការពារសិទ្ធិពលរដ្ឋប្រទេសនីមួយៗ និងការអនុវត្តច្បាប់របស់ប្រទេសមួយទេ។ ច្បាប់របស់ប្រទេសមួយម៉េចក៏មកប៉ះពាល់សិទ្ធិពលរដ្ឋប្រទេសមួយទៀត? ការយកលទ្ធិប្រជាធិបតេយ្យមកអនុវត្តធ្វើអ្វីស្រេចនឹងចិត្តគឺជា ការបង្ខិតបង្ខំទៅវិញទេ» ។
ចំណែកប្រជាពលរដ្ឋខ្មែរនៅតាមតុកាហ្វេ បានពិភាក្សាគ្នា ដោយបានចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើដោយខ្លួនឯង ហើយនាំឲ្យប្រជាពលរដ្ឋកម្ពុជា និង ប្រទេសកម្ពុជា នឹងអាចជួបនូវ វិបត្តិ ផ្សេងៗមិនខានឡើយ ដោយសារតែថ្នាក់នាំរដ្ឋ យក ប្រទេសអ្នកមានមកធ្វើសត្រូវ ៕