បុរសម្នាក់ដេកស្លាប់ក្នុងរថយន្តព្រូសមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក
ភ្នំពេញ៖ឃើញ រថយន្តព្រូស ១គ្រឿងចតស្ងៀមបើក ស្ដុបលោតភ្លែតៗជាយូរមិនឃើញបិទសន្ដិសុខទៅអើតមើលស្រាប់តែស្រែកឆោឡោផ្អើលទាំងយប់ខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងរថយន្តនោះ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៧នៅមុខមជ្ឈមណ្ឌលកម្សាន្ដរ៉ុកក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ហេង សីហា អាយុ ៣៣ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃតាមអនឡាញស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានស្រុកកំណើតក្នុងរាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះនិងមិត្ដភក្ដិចំនួន៦នាក់ជិះរថយន្ដសំដៅចូលមកមជ្ឈមណ្ឌលកម្សាន្ដ រ៉ុក។
បន្ទាប់មក ជនរងគ្រោះដើរចេញពីក្នុងបន្ទប់មកក្រៅ មកដេកនៅក្នុងរថយន្ដមួយសន្ទុះក្រោយមកសន្ដិសុខដែលយាមការពារនៅក្នុងមជ្ឃមណ្ឌលខាងលើ ឃើញភ្លើងស្ដុបស៊ីញ៉ូភ្លិបភ្លែបមិនព្រមបិទបានដើរទៅមើលក៏ឃើញជនរងគ្រោះដេកក្នុងរថយន្ដរួចសន្ដិសុខខាងលើបានទៅហៅមិត្ដភក្ដិរបស់ជនរងគ្រោះអោយមកជួយបិទភ្លើងស៊ីញ៉ូខណៈដែលមិត្ដភក្ដិជនរងគ្រោះដើរមកមើលរថយន្ដទើបដឹងថាជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់សន្ដិសុខ និងប្រជាពលរដ្ឋជាច្រើនចោមរោមមើល។
តាមប្រភពព័តមានពីសមត្ថកិច្ចជំនាញសុំមិនបញ្ចេញឈ្មោះថាករណីខាងលើនេះជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូងដែលគេសង្ស័យថាជនរងគ្រោះអាចប្រើប្រាស់សារធាតុញៀនច្រើនពេក។ទោះជាយ៉ាងណាក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះរួចសាកសពជនរងគ្រោះបានយកមកតម្កល់នៅក្នុងវត្ដនិរោធរង្សីនិងប្រគល់សពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕