សមត្ថកិច្ចគយនិងរដ្ឋាកររឹតបន្តឹងទំនិញគេចពន្ធបង្កប់ តាមរថយន្តចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត!
បន្ទាយមានជ័យ
សមត្ថកិច្ច ជំនាញ គយនិង រដ្ឋាករ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតបានធ្វើការ រឹតបន្តឹង ទំនិញគេចពន្ធដែលឈ្មួញខិលខូច លួចបង្កប់ក្នុងរថយន្ត ទំនើបៗចេញពី ទឹកដីថៃតាមច្រកទ្វារ អន្តរជាតិនេះដើម្បី បង្កើនចំណូលពន្ធចូលរដ្ឋ។
យោងតាមការឲ្យដឹងពីប្រជាពលរដ្ឋបានឲ្យសារព័ត៌មានខ្មែរជាយដែនយើងឲ្យដឹងថា កន្លងមក ដោយសារតែមាន ក្រុមឈ្មួញ ខិតខួច មួយចំនួន បានយក រថយន្ត ទំនើបៗបានចូលទៅក្នុង ទឹកដីថៃ ហើយបានលួច បង្កប់ទំនិញគេចពន្ធ ផ្សេងៗ។ ចេញពីទឹកដីថៃតាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត យ៉ាងគគ្រឹកគគ្រេងដែលក្នុងរថយន្តទាំងនោះ បង្កប់នូវ ទំនិញដែលត្រូវបង់ពន្ធថ្លៃៗ ដូចជាស្រាម៉ាកថ្លៃៗ និងទូរសព្ទដៃស៊េរីខ្ពស់ៗគ្រឿង បន្លាស់រថយន្ត ម៉ូតូ និងមុខទំនិញជាច្រើនមុខទៀត ដែលបានធ្វើឲ្យបាត់បង់ ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងមួយថ្ងៃៗ។
ចំពោះបញ្ហាបាត់បង់ថវិការចំណូលពន្ធចូលរដ្ឋដោយសារតែភាព អនាធិបតេយ្យ នៃការលួចបង្កប់ ទំនិញគេចពន្ធ តាមរថយន្ត នេះត្រូវបានគេមើលឃើញថា សមត្ថកិច្ច ជំនាញ គយនិង រដ្ឋាករ ប៉ោយប៉ែតបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ក្រាប និងទប់ស្កាត់ទំនិញទាំងនេះផងដែរ។
លោក អ៊ីឃីម អនុប្រធាន ការិយាល័យ គយនិងរដ្ឋករ ប៉ោយប៉ែត ដែលដឹកនាំ កម្លាំងមន្ត្រីជំនាញ ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសគេចពន្ធទាំងនេះបានឲ្យដឹងថា កន្លងមក ដោយសារតែមាន រថយន្ត ធុនតូច ជាច្រើនគ្រឿងបាន ចូលទៅដឹកទំនិញ នៅផ្សារថ្មីថៃ ដោយមិនបានបង់ពន្ធ ជូន មន្ត្រីជំនាញឡើយ។ដូច្នេះ ទើបលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ គយនិង រដ្ឋាករ ប៉ោយប៉ែត បានបញ្ជារ ឲ្យ រូបលោកផ្ទាល់(លោកអ៉ីឃីម)ធ្វើការបង្ក្រាប ដោយធ្វើការសហការជាមួយនឹង មន្ត្រី ជំនាញ របស់ ក្រសួងផង ដើម្បីឲ្យធ្វើការមានប្រសិទ្ធភាព ខ្ពស់។លោកបញ្ជាក់ថា ប្រតិបត្តិការនេះគឺធ្វើឡើង ចាប់ពីថ្ងៃទី១០ ខែកុម្ភះឆ្នាំ២០១៧នេះទៅដល់ចំនួន៣សប្តាហ៍ទៀតទើបបញ្ចប់។ហើយធ្វើតាំងពីព្រឹករហូតថៃបិតច្រកទ្ធារតែម្តង ដោយមិនបន្ធូរដៃឡើយ។
ទោះជាយ៉ាងណា មហាជនជាច្រើនជាពិសេស អាជីវករ ដែលរកស៊ីស្មោះត្រង់បានបង់ពន្ធ ចូលរដ្ឋ ត្រឹមត្រូវ បានសំដែងការ គាំទ្រចំពោះសមត្ថកិច្ច លើការរឹតបន្តឹងក្នុងការទប់ស្កាត់ បទល្មើសគេចពន្ធ ពីឈ្មួញ ខិលខូចដែលរកស៊ីមិនស្មោះត្រង់លួចបង្កបទំនិញទាំងនេះចូលមកលក់យ៉ាងអនាធិបតេយ្យដែលបង្ករកាលំបាកដល់ពួកគាត់ដូចជាលក់ដេញជើងពួកគាត់ជាដើម៕