ពុំមានករណីចាប់ក្មេងស្រី នៅខេត្តប៉ៃលិន នោះទេ!
ប៉ៃលិន ៖ប្រជាពលរដ្ឋ ផ្អើលឆោឡោទាំងព្រឹកដោយល្បីថាមានជនជាតិយួន
ម្នាក់ បានប៉ងចាប់ក្មេងស្រី អាយុ ០៦ឆ្នាំគ្រាដែលរូបនាងបានចេញពីសាលា រួចដើរតាមផ្លូវត្រលប់មកផ្ទះវិញតែមិនបានសំរេចព្រោះនាងរត់ចូលផ្ទះអ្នកស្រុកអោយជួយតែសមត្ថកិច្ចជំនាញ បានអោយដឹងថាករណីចាប់ក្មេង ពុំមានកើតឡើងដូចពាក្យចាមអារាមនោះទេ ។
សេចក្តីបំភ្លឺ និងរបាយស្រាវជ្រាវករណីព័ត៌មានបាត់ក្មេងស្រី ! កាលពីវេលាម៉ោងប្រមាណ ០៩និង០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មានព័ត៌មានថា មានករណីចាប់កូនក្មេង នៅចំណុចសាលារៀនអនុវិទ្យាល័យផ្សារព្រំ ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្មេង សង្ស័យរងគ្រោះឈ្មោះ អ៊ុយ ស្រីលីវ ភេទស្រី អាយុ ០៦ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី គឹមអ៊ុយ អាយុ ៥៤ឆ្នាំ និងម្តាយឈ្មោះ ទ្រី យឿន អាយុ ៤០ឆ្នាំ មានទីលំនៅភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នគរបាលបុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ និងអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងជំនាញសន្តិសុខ និងជំនាញប្រឆាំងភេរវៈកម្ម នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវ និងអោយដឹងថា ក្មេងស្រីខាងលើបានចេញពីសាលា រួចដើរតាមផ្លូវត្រលប់មកផ្ទះវិញ ពេលនោះមានបុរសមិនស្គាល់មុខចំនួន ០១នាក់ ពាក់អាវពណ៍ខ្មៅ ខោស បានដើរតាមពីខាងក្រោយ ក្មេងនោះភ័យ ក៏បានរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ទើបមានការឆោរឡោ ថាមានករណីចាប់ក្មេងតែម្តង ទើបបណ្តាលអោយផ្អើលដល់ប្រជាពលរដ្ឋ ឪពុកម្តាយ និងម៉ូតូឌុបជាច្រើន តាមរកមុខមនុស្សដែលដើរពីក្រោយនោះ តែរកមិនឃើញនោះទេ ។ សមត្ថកិច្ចជំនាញ បានអោយដឹងថាករណីចាប់ក្មេង ពុំមានកើតឡើងដូចពាក្យចាមអារាមនោះទេ ៕