ស្នងការខេត្តបន្ទាយមានជ័យធ្វើពិធីជាន់កម្ទេចចោល នូវ ស៊ីម៉ាំងប្រែន របស់ម៉ូតូ និងរថយន្ត ដែលដកហូតនៅពេលកន្លងនិងដាក់បន្តរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍!
បន្ទាយមានជ័យ៖កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅក្នុងស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីជាន់កម្ទេចចោល នូវ ស៊ីម៉ាំងប្រែន របស់ម៉ូតូ និងរថយន្ត ដែលកម្លាំងនគរបាល ធ្វើការដកហូតបាន ជាបន្តបន្ទាប់ក្នុងរយៈពេល២ឆ្នាំ។
លោក សន គឹមសួគ៌ នាយការិយាល័យនគរបាលចរាចណ៍ជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ឧបករណកែច្នៃយានយន្តខុសបច្ចេកទេសដែលត្រូវបានដាក់ជាន់កម្ទេចនៅពេលនេះ រួមមាន ៖ ស៊ីម៉ាំងរថយន្តចំនួន០៣ ស៊ីម៉ាំងប្រែនម៉ូតូចំនួន៣៥០ ស៊ីប្លេខ្យល់ចំនួន៦១ និងភ្លើងឡាសែចំនួន០៨ ត្រូវបានចាប់និងដកហូតពីបណ្តាស្រុកក្រុងរបស់ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការជាន់នេះ ក្នុងគោលបំណង បង្ហាញឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់កុំឲ្យកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសយានយន្ត ជាពិសេសស៊ីម៉ាំងប្រែន បង្ករសម្លេងលឺខ្លាំងៗ ធ្វើឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម ។ដែលការកែច្នៃនេះវាខុសទៅនឹងនឹងការចែងនៃច្បាប់ចរាចរណ៍ របស់បរទេសកម្ពុជាយើង ។
ជាចុងក្រោយលោកស្នងការក៏បានសំនូមពរដល់មន្ត្រីអនុវត្តន៍ច្បាប់ ខាងជំនាញចរាចរណ៍ ត្រូវបន្តការអនុវត្តន៍ច្បាប់ធ្វើលើការបង្ក្រាបរយន្តម៉ូតូខុសបច្ចេកទេស ទាំងការកែច្នៃ និងរថយន្តដឹកសំពីងសំពង ផងដែរ៕