ពិធីប្រកាសតែងតាំងអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់
ខេត្តសៀមរាបៈនៅស្រុកក្រឡាញ់ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកនេះ រាជរដ្ឋាភិបាលបានតែងតាំងលោកស្រី ម៉ននី រងី្ស ជាអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ ជំនួសលោក ជឿន ជាន ដែលត្រូវបានចូលនិវត្តន៍។ នេះគឺជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ស្រុកក្រឡាញ់ នៃខេត្តសៀមរាប ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងមន្រ្តីរាជការជាស្រ្តី ទី១ ជាអភិបាល នៃគណៈអភិបាលស្រុក នៃខេត្តសៀមរាប ។
ក្នុងការតែងតាំងនេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុកក្រឡាញ់ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។