ពលរដ្ឋខ្មែរលួចចូលកាប់ឈើក្នុងទឹកដីថៃ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
ឧត្តរមានជ័យ៖នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទីកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩០៥ ចេញល្បាតប្រទះ ឃើញ និងឃាត់ខ្លួននៅចំណុចបង្គោលស៊ីម៉ាលេខ១២ក្នុងភូមិសាស្ត្រភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏បានប្រទះឃើញប្រជាពលរដ្ឋចំនួន១១នាក់ ដែលលបលួចឆ្លងដែនចូលទៅកាប់ឈើក្រញូងក្នុងដីថៃហើយក៏បានប្រគល់ឲ្យនគរបាលអធិការដ្ឋានចាត់ការបន្ត។
ប្រជាពលរដ្ឋទាំង១១ នាក់នេះរស់នៅភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យចំនួន០៩ នាក់ ភូមិជ្រឹងខាងលិច ០១ នាក់ និងភូមិកណ្តែ សង្កាត់សំរោង ក្រុងសំរោង ០១ នាក់។
ក្រោយពីសមត្ថកិច្ច ធ្វើការសាកសួរ ពួកគាត់បានឆ្លើយថា ការឡើងលើភ្នំពុំមានមេខ្លោងឬអ្នកជួលនោះទេ ប៉ុន្តែពេលបានឈើ គឺបានយកមកលក់ឲ្យឈ្មោះ ម៉ៅ នៅភូមិដង ទង់ជាអ្នកទទួលទិញ។
ក្នុងនោះ សមត្ថកិច្ចយើងបាន ដកហូតវត្ថុតាងពូថៅចំនួន១១ ដែករណា ចំនួន ០៣ ឈើចំនួន១១ សំពាយ ប្រមាណ ៤០០គីឡូក្រាម។
តាមការឲ្យដឹង ពីសមត្ថកិច្ចថា ចំពោះអ្នកទាំង១១នាក់នេះមាន ០៧នាក់ប្រើប្រាស់សារធាតុ ញៀនទៀតផង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ត និងស្រង់សាវតាជាតិ ជនទាំង៧នាក់ដែលពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន៕