នគរបាលប្រឆាំងការជួញដូរមនុស្សបង្ក្រាបបានមេក្លោងជួញដូរស្រ្តីខ្មែរ២៦រូប ទៅធ្វើការនៅម៉ាឡេស៊ី!
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបានធ្វើការបញ្ជូនខ្លួនស្រ្តីវ័យក្មេងដែលជាមេក្លោងបានលក់ស្ដ្រីខ្មែរ ចំនួន២៦នាក់ឲ្យទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ក្នុងម្នាក់តម្លៃប្រហែល១,៥០០ដុល្លារទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
គួររំលឹកថាៈប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន និងមានការសម្របសម្រូលពី លោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ។
លោក សូ វ៉ាន់ឌី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ស្ដ្រីជាមេក្លោងនេះឈ្មោះ អ៊ុ រ៉ាឌីន ហៅមាំ ហៅម៉ា ដាម ហៅជោលី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩៦ឃ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ បានធ្វើសកម្មភាពឃោសនា បោកបញ្ជោតដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម១៦នាក់ កំពង់ធំ៦នាក់ និងខេត្តកំពង់ឆ្នាំង២នាក់ (សរុប២៦នាក់) ឲ្យទៅធ្វើការជាស្ដ្រីជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី នឹងទទួលបានប្រាក់ឈ្នួលខ្ពស់ ចាប់ពី៣០០ដុល្លារ ទៅ៤០០ដុល្លារ ក្នុងមួយខែ ចំណែកសោហ៊ុយគ្រប់បែបយ៉ាងមេខ្យល់រូបនេះ ជាអ្នកចំណាយទាំងអស់។
បើតាមអនុប្រធាននាយកដ្ឋានរូបនេះ ដោយជឿតាមការឃោសនាបោកបញ្ឆោត ជនរងគ្រោះទាំង២៦នាក់ បានយល់ព្រមទៅតាម ហើយត្រូវបានមេខ្យល់រៀបចំបែបបទ ធ្វើលិខិតឆ្លងដែន និងបាននាំទៅប្រទេសម៉ាឡែស៊ីចាប់តាំងពីឆ្នាំ២០១៤មក បញ្ជូនតាមច្រកទ្វារអន្ដរជាតិភ្នំពេញ និងប៉ោយប៉ែត ឆ្លងកាត់តាមប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ី។
ពេលនាំជនរងគ្រោះដល់ប្រទេសម៉ាឡេស៊ី មេក្លោងរូបនេះ បានប្រគល់ពលការិនីទៅឲ្យឈ្មោះ ហូ ជនជាតិម៉ាឡេស៊ី និងទទូលបានប្រាក់ក្នុងម្នាក់ ចំនួន៦,០០០រីងហ្គីត ប្រហែល១,៥០០ដុល្លារ ហើយឈ្មោះ ហូ បានបញ្ជូនជនរងគ្រោះឲ្យទៅធ្វើការជាស្ដ្រីជំនួយការមេផ្ទះ ដោយធ្វើការ១៨ម៉ោងក្នុងមួយថ្ងៃ គ្មានថ្ងៃឈប់សម្រាក។
ដោយឡែកពលការិនីទាំងនោះសមត្ថកិច្ចជំនាញកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជួយសង្គ្រោះ និងបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្ដបន្ទាប់ផងដែរ៕