ខ្យល់កន្ត្រាក់វាយប្រហារចំស្រុកមង្គលបូរី បណ្តាលឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋ៨០ខ្នង និងព្រះវិហារវត្តមួយខ្នង!
បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ផ្ទះចំនួន៨០ខ្នង រួមជាមួយព្រះវិហាចំនួន១ ក្នុងឃុំ ចំនួន ៦នៃស្រុក មង្គលបូរី ត្រូវ បានខ្យល់កន្ត្រាក់វាយប្រហារ បណ្តាលឱ្យរងការខូចខាត យ៉ាងដំណំខណះ ដើមឈើតូចធំមួយចំនួនក៏បានដួលរលំកាត់ថ្នល់។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលខេត្ត បន្ទាយមានជ័យបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ មានខ្យល់ កន្ត្រាក់ បានបោកបក់ មកលើស្រុកមង្គលបូរី ដោយប៉ះពាល់ផ្ទះ ប្រជាពលរដ្ឋ អស់ចំនួន ៦ ឃុំដែលសរុបទាំងអស់ចំនួន៨០ខ្នងផ្ទះ និងប៉ះពាល់ព្រះវិហារវត្តមួយខ្នងផងដែរ ។ សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា ខ្យល់កន្រ្តាក់នោះមិនបង្កឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួស និងស្លាប់នោះឡើយ ហើយឃុំទាំង៦ដែលរងគ្រោះដោយខ្យល់កន្រ្តាក់រួមមាន ឃុំរហាត់ទឹក ខូចខាតផ្ទះ៤ខ្នង ស្រាល៣ខ្នង ធ្ងន់១ខ្នង និងវត្ត១ខ្នង ។ ២-ឃុំភ្នំតូចរងការខូចខាតផ្ទះ៦ខ្នង ខូចខាតធ្ងន់៥ខ្នង ស្រាល១ខ្នង ។ ៣-ឃុំបន្ទាយនាងខូចខាត១៩ខ្នង ខូចខាតធ្ងន់១១ខ្នង ស្រាល៨ខ្នង ។ ៤-ឃុំគោកបល័្លង្គ ខូចខាត១៤ខ្នង ដួលរលំទាំងស្រុង២ខ្នង ខូចខាតស្រាល១២ខ្នង ។ ៥-ឃុំចំណោម២ខ្នង ខូចខាតធ្ងន់១ខ្នង ស្រាល១ខ្នង និង៦-ឃុំអូរប្រាសាទ ខូចខាត៣៥ខ្នង ដួលរលំ៤ខ្នង ខូចខាតស្រាល៣១ខ្នង ។ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ក្រោយពីមានហេតុការណ៍គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់នោះហើយ គេសង្កេតឃើញអាជ្ញាធរខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកមង្គលបុរី និងកងកម្លាំងគ្រប់ប្រភេទ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ បានចុះទៅជួយប្រជាពលរដ្ឋរងគ្រោះ ខណៈនោះគេសង្កេតឃើញលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមបង្គាប៧០នាក់ចុះទៅរុះរើ និងកសាងជួសជុលផ្ទះប្រជាពលរដ្ឋឡើងវិញ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ស្នងការក៏នាំយកស័ង្កសី ចំនួន៣៣៥សន្លឹក និងអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន យកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋរងខូចខាតផ្ទះធ្ងន់ធ្ងរ២២គ្រួសារ ដើម្បីជួយសង្រ្គោះបឋមដើម្បីដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋ៕