សមត្ថកិច្ចបង្ក្រាបសត្វព្រៃជាច្រើនជូនទៅខាងមន្ត្រីជំនាញអភិរក្សសត្វព្រៃភ្នំតាម៉ៅ
ខេត្តកំពង់ធំ៖ បទល្មើសព្រៃឈើរនៅតែបន្តសកម្មភាពយ៉ាងសកម្មក្រៅពីកា ប់ បំផ្លាញព្រៃឈើរដែលជាជំរកសត្វព្រៃហើយនោះថែមទាំងចាប់សត្វ ព្រៃដូញដូរទៀតដែលជាការបំផ្លាញធនធានធម្មជាតិឲ្យការឆាប់ហិនហោច។
ជាក់ស្តែងមានសេចក្តី រាយការណ៍ថាពេលថ្មីៗនេះ មានឈ្មួញខិលខូចបានធ្វើការដឹកជញ្ជូនសត្វព្រៃជាច្រើនក្បាលតែត្រូវបានសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលាដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបដោយផ្ទាល់ចំពោះការជូញដូរសត្វព្រៃដោយខុសច្បាប់ កាលពីថ្ងៃទី១២ខែកញ្ញា២០១៧កន្លងទៅនេះ នៅត្រង់ចំណុចភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយឃាត់ចាប់បានសត្វព្រៃប្រវឹកចំនួន១៥០ក្បាល ស្វាក្ដាម១០ក្បាល សំពោច៤ក្បាល ។ ចំណេកជនល្មើសបានរត់គេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ។ ក្រោយពីបានពិនិត្យចប់សព្វគ្រប់ហើយនោះ លោកព្រះរាជអាជ្ញា ក៏បានប្រគល់សត្វទាំងនោះ ជូនទៅខាងមន្ត្រីជំនាញអភិរក្សសត្វព្រៃភ្នំតាម៉ៅ ដើម្បីយកទៅមើលថែរក្សាឱ្យសត្វទាំងនោះមានសុខភាពល្អវិញ ទើបប្រលែងទៅកន្លែងដើមវិញ ។
សូមបញ្ជាក់ថា អយ្យការអមសាលដំបូងខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះរាល់សកម្មភាពបទល្មើសសត្វព្រៃគ្រប់ប្រភេទ គោលបំណងចង់អោយកូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ប្រភេទសត្វកម្រទាំងនេះ ៕