ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សេចក្តីថ្លែងការណ៏របស់លោកឯកអគុ្គរដ្ឋទូត William A. Heidt ជាមួយអ្នកសារព័ត៌មាន
Tue,12 September 2017 (Time 04:10 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1054នាក់)


ភ្នំពេញៈ លោកអគ្ញរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លៃការណ៍ ដ៏កម្រមួយ ដែលយើងមិនធ្លាប់បានឃើញកន្លងមក ក្នុងស្ថានភាពនយោបាយ តានតឹង កើតឡើងជា បន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា យើងបានដកស្រង់ចេញពី គេហរទំព័រ របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ទាំងស្រុង ដូចខាងក្រោមនេះ ។

ស្ថានទូត​អាមេរិក ប្រចាំទីក្រុងភ្នំពេញ
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧

សូមអរគុណដែលបានអញ្ជើញមកថ្ងៃនេះ។ ខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៏ខ្លីមួយ បន្ទាប់មក ខ្ញុំនឹងឆ្លើយ សំណួរលោកអ្នក។

នៅថ្ងៃទី២ កញ្ញា ខ្ញុំបានចាកចេញទៅសហរដ្ឋអាមេរិក ដោយមិនបានគ្រោងទុក ដោយសារហេតុផល ផ្ទាល់ខ្លួន។ ៤០ នាទីបន្ទាប់ពីខ្ញុំបានចាកចេញទៅ រដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំបក្ស ប្រឆាំង ដោយចោទថាក្បត់ជាតិ ទាក់ទងនឹងមតិដែលលោកទំនងជាបាននិយាយកាលពី ៤ ឆ្នាំមុន។ និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួលដំណឹងអកុសលនេះ។ តែខ្ញុំមានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលគ្មានភស្តុតាងច្បាស់លាស់ ឬគួរអោយទុកចិត្តបានបន្តិចណាសោះ។

វាគឺជាការចោទប្រកាន់មិនធម្មតា។ ការងារការទូត ជាធម្មតា ត្រូវបានធ្វើដោយប្រើភាសាដែលមានការ ប្រយ័ត្ន និងប្រកបដោយការគោរព គឺប្រភេទនៃភាសាដែលខ្ញុំនឹងប្រើនៅថ្ងៃនេះ។ សារដែលពិបាកត្រូវបាន បញ្ជូនជាលក្ខណៈឯកជនសិន។ ប្រទេសជាមិត្តនឹងគ្នាតែងតែរកមើលវិធីបំបាត់ការខ្វែងគំនិតគ្នា។ តែនៅក្នុងឆ្នាំកន្លងទៅនេះ ជាច្រើនដងហើយដែលសហរដ្ឋអាមេរិកបានរងការចោទប្រកាន់គ្មាន មូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។ វាធ្វើអោយខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់។ ខ្ញុំគិតថាលោកអ្នកដឹងហើយថា ខ្ញុំមានការទាក់ទងពិសេស ជាមួយប្រទេសកម្ពុជា ហើយខ្ញុំបានមកដល់ប្រទេសកម្ពុជាកាលពី ២ ឆ្នាំមុន ដោយបានទទួលការណែនាំអោយខិតខំលើកកំពស់ទំនាក់ទំនងរបស់យើង។ ជាការពិត ខ្ញុំនិងបុគ្គលិករបស់ខ្ញុំតែងតែគោរពដល់គ្រប់គ្នា ចេញសេចក្តីថ្លែងការជាសាធារណៈក្នុងចំនួនតិចបំផុត ហើយត្រឹមត្រូវ ហើយរកមើលវិធីធ្វើសហប្រតិបត្តិការ និងលុបបំបាត់ការខ្វែងគំនិតគ្នារវាងប្រជាជនដ៏អស្ចារ្យរបស់យើងទាំងពីរ។ខ្ញុំបានអញ្ជើញអ្នកសារព័ត៌មានមកថ្ងៃនេះ ដើម្បីធ្វើការពន្យល់លើបីចំណុច។ ចំណុចទីមួយគឺងាយទេ ពោលគឺថា រាល់ការចោទប្រកាន់ដែលលោកអ្នកបានលឺ នៅក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះស្តីពីសហរដ្ឋ អាមេរិក គឺសុទ្ធតែខុសទាំងអស់ ។ អត្ថបទនៅក្នុងសារព័ត៌មានថ្មីៗនេះ ស្តីពីការចាប់ខ្លួនលោក កឹម សុខា ត្រូវ បានគេសរសេរខុសទាំងស្រុងនិងដោយចេតនា ក្នុងការហៅអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនៅកម្ពុជា។ វាពិតជាការបង្វែរការយកចិត្តទុកដាក់ចេញពីបញ្ហាពិតប្រាកដមែន (Red herrings)។ ឥឡូវ ខ្ញុំសូមជំរាបលោកអ្នកនូវអ្វីដែលយើងបាននិងកំពុងធ្វើ។ ខ្ញុំមិនអាននូវបញ្ជីសកម្មភាពទាំងអស់ នោះទេ តែការពិតគឺថា កម្មវិធីរបស់យើងមានការស៊ីចង្វាក់គ្នាគួរអោយកត់សំគាល់តាំងពីស្ថានទូតរបស់យើង បានបើកឡើងវិញ នៅឆ្នាំ ១៩៩៤។

  • យើងគឺជាអ្នកគាំទ្រដ៏ខ្លាំងមួយចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ យើងបាន ជួយកម្ពុជាក្នុងការបង្កើតក្របខ័ណ្ឌការងារមួយ ដែលបានទាក់ទាញ ក្រុមហ៊ុន សំលៀកបំពាក់ ល្បីៗនៅក្នុងពិភពលោក ដោយរួមទាំងក្រុមហ៊ុនរបស់អាមេរិករាប់សិបផងដែរ។ នៅក្នុងឆ្នាំ កន្លងទៅនេះ យើងបានបង្កើតឧស្សាហកម្មថ្មីស្រឡាងមួយដែលមានតំលៃ ១០០ លានដុល្លា ស្តីពីទំនិញសំរាប់ការធ្វើដំណើរ ដែលនៅពេលនេះ ប្រើកំលាំងកម្មករចំនួនជិត ១០០ ០០០ នាក់។
  • គ្រាន់តែនៅឆ្នាំនេះ យើងបានសម្ពោធកម្មវិធីកសិកម្មថ្មីមួយ ដែលគិតគូរចំពោះបញ្ហានៃតំលៃកសិកផលទាបខ្លាំងដែលប៉ះពាល់ដល់កសិករកម្ពុជា។ យើងបានជួយកម្ពុជានៅក្នុងការដោះស្រាយបញ្ហានៃផលិតភាពកសិកម្មទាប និងអសន្តិសុខស្បៀង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
  • យើងបានសំរេចភាពជឿនលឿនធំៗនៅក្នុងការលើកកំពស់សុខភាពសាធារណៈ នៅកម្ពុជា។ ដោយមានជំនួយរបស់អាមេរិក កម្ពុជាជិតក្លាយជាប្រទេសដំបូងគេនៅលើផែនដីនេះ ដែលខិតទៅជិតការមានអត្រាឆ្លងមេរោគអេដស៍ក្នុងកំរិត ០%។ យើងកំពុងតែដឹកនាំការស្រាវ ជ្រាវនៅក្នុងការព្យាបាលជំងឺគ្រុនចាញ់ដែលមានភាពស៊ាំនឹងឱសថ។
  • យើងបានផ្តល់ការអប់រំដល់ជនជាតិកម្ពុជាចំនួនរាប់ពាន់នាក់ តាមរយៈកម្មវិធីផ្លាស់ប្តូរក្នុងការ សិក្សានិងជំនួយដទៃទៀត។ យើងបានកសាងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ដែលបានជាប្រយោជន៍ដល់ប្រទេសទាំងពីរហើយបានធ្វើអោយមានការផ្សះ ផ្សាឡើងវិញនៅកម្ពុជា។ យើងបានផ្តល់អំណាចដល់ស្រ្តីរាប់ពាន់នាក់ ហើយបានជួយ បង្រៀនភាសាអង់គ្លេសដល់កុមារដែលស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ។
  • យើងគឺជាកំលាំងដ៏ខ្លាំងក្នុងការធ្វើអោយមានយុត្តិធម៌។ យើងបានចាប់ខ្លួនឧក្រិដ្ឋជនដែល ជាការធ្វើអោយប្រទេសយើងទាំងពីរមានសុវត្ថិភាព ហើយយើងបានប្រកៀកស្មាគ្នាជាមួយ រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីកាត់បន្ថយការជួញដូរមនុស្ស។
  • យើងបានធ្វើការអបអរ និងអភិរក្សវប្បធម៌ខ្មែរ។ ប្រជាជនអាមេរិកបានផ្តល់ថវិកាសំរាប់ធ្វើការ អភិរក្សទ្រព្យសម្បតិ្តជាតិខ្លះដ៏មានតំលៃបំផុតរបស់ប្រទេសកម្ពុជា ដូចជាប្រាសាទភ្នំបាក់ខែង និងប្រាសាទហាន់ជ័យ។
  • យើងបានជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ មន្រ្តីរដ្ឋាភិបាលខ្លះ បានរិះគន់ផ្នែកនេះនៃកម្មវិធីរបស់យើង តែយើងមានមោទនភាពចំពោះការងាររបស់យើងក្នុងការកែលំអអភិបាលកិច្ច និងជួយអ្នកដឹកនាំក្នុងការឆ្លើយចំពោះប្រជាជនដែលគេធ្វើជា តំណាងអោយ។ យើងបានជួយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយបានបង្រៀន គណបក្សនយោបាយនានា ដោយរួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ ស្តីពីវិធីបង្ហាញ ពីកម្មវិធីរបស់គេដល់អ្នកបោះឆ្នោត។

ប្រវត្តិសាស្រ្តបានដើរតួនាទីមួយចំណែកនៅក្នុងការចោទប្រកាន់ជាច្រើនក្នុងចំណោមការចោទថ្មីៗ ទាំងនេះ ហើយយើងសូមទទួលស្គាល់កេរ្តិ៍ដំណែលរបស់យើងនៅក្នុងសង្គ្រាមវៀតណាម។ តែយើងមានការ ប្តេជ្ញាចិត្ត នៅក្នុងការដោះស្រាយបញ្ហានៃកេរ្តិ៍ដំណែលនេះ។ តើលោកអ្នកដឹងទេថាយើងបានផ្តល់ប្រាក់ចំនួន ជាង ១៦០ លានដុល្លា សំរាប់ការងារលុបបំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះ? ពាក់កណ្តាលនៃប្រាក់នេះត្រូវបាន ប្រើសំរាប់លុប បំបាត់យុទ្ធភណ្ឌដែលទំលាក់ដោយយន្តហោះអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជា។ តែប្រាក់ចំនួន ពាក់កណ្តាលទៀតត្រូវបានប្រើសំរាប់ដោះមីនរបស់ចិន សូវៀត និងវៀតណាមនៅភាគខាងលិច ប្រទេស នៅតាមចំការមីនដែលមានគ្រោះថ្នាក់ ១០ ដងលើសគ្រាប់ ដែលទំលាក់ ដោយអាមេរិក។

ក្នុងពេល ២ សប្តាហ៍ខាងមុខនេះ យើងនឹងរៀបរាប់រឿងពិតស្តីពីសកម្មភាពរបស់យើង ហើយពន្យល់ ថាហេតុអ្វីក៏វាល្អសំរាប់ប្រទេសយើងទាំងពីរ។ សូមតាមដានទំព័រហ្វេសបុករបស់យើង និងសូមជួយផ្តល់មតិ។

ចំណុចទី ២ របស់ខ្ញុំក៏មានលក្ខណៈសាមញ្ញដូចគ្នានេះដែរ។ ច្រើនដូចការនិយាយស្តីពីប្រទេសអាមេរិកនៅពេលនេះដែរ គឺថាព្រឹត្តិការណ៍នៅក្នុងខែកន្លងទៅនេះមិនប៉ះពាល់ទៅលើសហរដ្ឋអាមេរិកទេ តែវាប៉ះពាល់ ទៅលើប្រទេសកម្ពុជាទៅវិញទេ។ មួយជំហានម្តងៗ ព្រឹត្តិការណ៍ទាំងនេះកំពុងតែធ្វើអោយប្រទេសកម្ពុជា ឯក កោពីសហគមន៍អន្តរជាតិ ក្នុងពេលដែលកម្ពុជាត្រូវការជំនួយគាំទ្រអន្តរជាតិ ដើម្បីលើកកំពស់សេដ្ឋកិច្ចរបស់ ខ្លួនអោយឡើងមួយកំរិតទៀត ហើយប្រកួតប្រជែងជាមួយប្រទេសជិតខាងនៅក្នុងសមាគមអាស៊ាន។

សំដីប្រឆាំងអាមេរិកបានធ្វើឲ្យជនជាតិអាមេរិក និងអ្នកទេសចរណ៍លោកខាងលិចជាច្រើន មាន អារម្មណ៍លែងកក់ក្តៅជាងមុន ពេលធ្វើដំណើរមកកម្ពុជានាពេលបច្ចុប្បន្ន។ ឆ្នាំនេះអ្នកទេសចរទាំងនោះ អាចទៅចាយលុយ នៅហាឡុងបេយ៍ ឬនៅភូកេតជាជាងនៅអង្គរវត្ត។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាមេរិក និងលោកខាងលិចក៏មានអារម្មណ៍លែងកក់ក្តៅជាងមុនផងដែរ ហើយក្រុមហ៊ុនកាន់តែតិចថែមទៀតនឹងមកវិនិយោគនៅកម្ពុជា។ លោកអ្នកប្រហែលជាបានឃើញសេចក្តីថ្លែងរបស់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ានទាក់ទងនឹងរឿងនេះហើយ។

អ្នកធ្វើការបរិច្ចាកមនុស្សធម៌អាមេរិក ដែលជាក្រុមធំជាងគេ និងមានទ្រព្យច្រើនជាងគេនៅក្នុង ពិភពលោក ក៏លែងមានអារម្មណ៍គិតថា ខ្លួនគេត្រូវបានទទួលស្វាគមន៍ដែរ។ខ្ញុំប៉ាន់ប្រមាណថាអង្គការ សប្បុរសធម៌អាមេរិកបានសាងសង់សាលាជាង ១.០០០ នៅកម្ពុជា។ វាជាចំនួនដ៏ច្រើនមែនទេ? ខ្ញុំបាន ឮពីអង្គការសប្បុរសធម៌ធំៗខ្លះថាការធ្វើប្រតិបត្តិការនៅកម្ពុជាកាន់តែប្រឈមនឹងហានិភ័យខ្លាំង ហើយ ពួកគាត់កំពុងតែពិចារណាប្តូរការងារល្អៗរបស់គាត់ទៅឥណ្ឌូនេស៊ី បង់ក្លាដេស ឬវៀតណាមវិញ។

ប៉ុន្តែផលប៉ះពាក់ធ្ងន់ធ្ងរបំផុតធ្លាក់មកលើកិត្តិយសរបស់កម្ពុជាក្នុងនាមជាប្រទេសប្រជាធិបតេយ្យក្មេងខ្ចី។ កាលពីបីខែកន្លងទៅ កម្ពុជាបានរៀបចំការបោះឆ្នោតដែលមានភាពសេរី និងយុត្តិធម៌បំផុតរបស់ខ្លួន តាំងតែ ពីឆ្នាំ១៩៩៣មក។ ជាភាពត្រឹមត្រូវ ប្រជាជនកម្ពុជាមានមោទនភាពចំពោះរឿងនេះ ហើយជាភាពត្រឹមត្រូវ ដែលសហរដ្ឋអាមេរិកបានអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះរឿងនេះ។

បីខែបានកន្លងផុតយ៉ាងឆាប់រហ័សមកដល់ពេលនេះ។ ជាការពិត ប្រសិនបើការបោះឆ្នោតជាតិកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃនេះ គ្មានអ្នកសង្កេតការណ៍អន្តរជាតិគួរឲ្យជឿជាក់ណាមួយចាត់ទុកថាការបោះឆ្នោតនេះ មានភាពសេរី និងយុត្តិធម៌ ឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជនកម្ពុជាឡើយ។

ខ្ញុំសង្ឃឹមថា គ្រប់គ្នានឹងគិតអំពីចំនុចនេះដោយប្រុងប្រយ័ត្ន។ ប្រទេសប្រជាធិបតេយ្យមានលក្ខណៈពិសេស។ ក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាជនធម្មតាមានតួនាទីពិតប្រាកដនៅក្នុងប្រទេសរបស់គាត់ ហើយ ទំនាក់ទំនងរបស់រដ្ឋាភិបាល និងប្រជាជនមានភាពរឹតតែស៊ីជម្រៅ។ ប្រទេសដទៃមើលមកអ្នកក្នុងន័យផ្សេង ផងដែរដូចជាមានការគោរពនិងយល់កាន់តែច្រើន។ វាជាអ្វីដែលសមនឹងតម្លៃនៃការតស៊ូ។

ហើយចំនុចចុងក្រោយរបស់ខ្ញុំគឺ៖ ទោះបីជាមានព្រឹត្តិការណ៍ទាំងអស់កើតឡើងកាលពីខែមុនក្តីខ្ញុំគិត ថា នៅតែមានពេលដើម្បីសង្រ្គោះការបោះឆ្នោតឆ្នាំ២០១៨របស់កម្ពុជាបាន បន្តការអភិវឌ្ឍប្រជាធិបតេយ្យ របស់កម្ពុជា និងស្តារទំនាក់ទំនងទ្វេភាគីរបស់យើង។ ប៉ុន្តែវាទាមទារឲ្យមានសកម្មភាពម៉ឺងម៉ាត់ជាបន្ទាន់។

យើងសូមចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងការទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់។ ដំណើរការធម្មតារបស់ទីផ្សារសារព័ត៌មានកម្ពុជាក៏គួរទទួលបានការស្តារឡើងវិញផងដែរ។ ការដាក់ សម្ពាធលើសង្គមស៊ីវិលគួរត្រូវបានបញ្ឈប់។ ហើយប្រហែលជាសំខាន់ជាងនេះទៅទៀតនោះ រដ្ឋាភិបាល, បក្ស ប្រឆាំង, និងសង្គមស៊ីវិលគួរតែចាប់ផ្តើមកិច្ចសន្ទនា អំពីអនាគតប្រជាធិបតេយ្យរបស់កម្ពុជា ក្នុងបរិយាកាស បើកចំហរ គោរព និងគ្មានសម្ពាធ។

ខ្ញុំសូមបញ្ចប់ដោយការកត់សំគាល់ផ្ទាល់ខ្លួនថា ចាប់តាំងពីយើងមកដល់ប្រទេសកម្ពុជាកាលពី២ឆ្នាំមុនភរិយាខ្ញុំ កូនប្រុសខ្ញុំ និងរូបខ្ញុំផ្ទាល់មានកិត្តិយសដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា រៀងរាល់ថ្ងៃជាពិសេសកាលពីខែមុន។ ហើយខ្ញុំក៏មានមោទនភាពចំពោះការខិតខំ និងការប្តេជ្ញាចិត្តរបស់ បុគ្គលិកអាមេរិកនិងខ្មែររបស់ស្ថានទូត ព្រមទាំងសហគមន៍អាមេរិកជាទូទៅផងដែរ។

ជាការពិត អាមេរិកមិនមែនជាប្រទេសស្មុគ្រស្មាញពិបាកធ្វើការជាមួយនោះទេ។ សូមធ្វើមកលើយើង ដោយយុត្តិធម៌ និយាយជាមួយយើងដោយស្មោះត្រង់ ធ្វើសហប្រតិបត្តិការជាមួយគ្នាតាមដែលអាចធ្វើបាន ប្រើប្រាស់អំណាចទីផ្សាររបស់យើងដើម្បីជាប្រយោជន៍របស់អ្នក ស្វាគមន៍កម្មវិធីជំនួយ និងក្រុមហ៊ុនរបស់យើង។

ក្តីសង្ឃឹមរបស់ខ្ញុំគឺថា រដ្ឋាភិបាលកម្ពុជានឹងបង្ហាញដល់យើងនូវសុឆន្ទៈដែលយើងបានបង្ហាញដល់គេ ដើម្បីបន្តឡើងវិញនូវភាពជាដៃគូដ៏ពិសេស និងខ្លាំងក្លាដែលយើងមានរហូតមកដល់កាលពីមួយឆ្នាំមុននេះ។

សូមអរគុណច្រើន‌!

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1260 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8409 នាក់
ខែនេះ :
27962 នាក់
3 ខែនេះ :
61795 នាក់
សរុប :
2512502 នាក់