HIGHLANDERបុកម៉ូតូហុងដាបណ្តាលអោយតៃកុងម៉ូតូស្លាប់រួចបើកឡានមកលាក់ទុកនៅក្នុងចម្ការ
ខេត្តព្រះសីហនុ៖ម្ចាស់រថយន្តHIGHLANDERបិទសាប៊ូគូថបាត់ស្រមោល
ក្រោយបង្ករគ្រោះថ្នាក់បណ្តាលអោយបុរសម្នាក់ដែលជាអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយសមត្ថកិច្ចតាមរកឃើញរថយន្តបង្ករក្នុងចម្ការមួយដែលមានចម្ងាយពីកន្លែងកើតហេតុ១គីឡូម៉ែត្រដែលម្ចាស់បើកទៅលាក់ទុក។
យោងតាមព័ត៌មានប្រចាំថ្ងៃរបស់ស្នង ការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា៖ នៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2017 វេលាម៉ោង19:00នាទី លើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ119-120 ស្ថិតនៅក្នុងភូមិសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត1គ្រឿងម៉ាក HIGHLANDER ពណ៌ ទឹកប៊ិច គ្មានផ្លាកលេខ បុកនឹងម៉ូតូ1គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សុះ លី ភេទ ប្រុស អាយុ 25ឆ្នាំ ជនជាតិ ខ្មែរ-ឥស្លាម មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលមានទិសដៅផ្ទុយគ្នា ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានបើករថយន្តយកទៅទុកក្នុងចំការមួយ ចំងាយប្រមាណជា1គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុឈ្មោះ សុះ លី អ្នកបើកបរម៉ូតូ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រថយន្ត និង ម៉ូតូ បានបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕