អភិបាលខេត្តសសើរកងកម្លាំងយោធាសឹករងខេត្តព្រះវិហារ ក្រោយបង្ក្រាប ឈើគ្រញូងជិត១.៥០០គីឡូក្រាម!
ព្រះវិហារៈកងកម្លាំងយោធាសឹករងខេត្តព្រះវិហារ បានធ្វើការបង្ក្រាប ឈើគ្រញូងចំនួន២៤៥ដុំ ទម្ងន់១.៣១៧គីឡូក្រាម ខណៈដែលពលរដ្ឋខ្មែរចំនួន២៨នាក់ ស្ពាយចេញពីទឹកដីថៃដោយខុសច្បាប់ដោយសកម្មភាពនេះត្រូវបានអភិបាលខេត្តព្រះវិហារកោតសសើរ។
ឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារបានអោយដឹង នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នេះថាដោយអនុវត្តន៏តាមការណែនាំពីមេបញ្ជាការយោធភូមិភាគទី៤ ក៏ដូចជាការណែនាំពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ស្តីពីការទប់ស្កាត់ពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដែលកន្លងមក តែងមានគ្រោះថ្នាក់ផ្សេងៗនោះ បានដាក់ផែនការឲ្យកម្លាំងយោធារបស់លោកដែលឈរជើងនៅតាមព្រំដែនក្នុងឃុំឈើទាល ស្រុកជាំក្សាន្ត ត្រូវតែមានការទប់ស្កាត់ឲ្យបានដាច់ខាត។
ដោយឡែកលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមុិញនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលក្រុងព្រះវិហារ បានមានប្រសាសន៍កោតសរសើរដល់កងកម្លាំងយោធាសឹករងខេត្ត ពិសេសេលោក ច័ន្ទ សុភ័ក្ត្រា ដែលបានដឹកនាំបញ្ជាធ្វើការងារបង្ក្រាបនេះទទួលបានជោគជ័យ។ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា លើកនេះបើបង្ក្រាបមិនបានទេ លើកក្រោយក៏យើងបង្ក្រាបមិនបានដែរ និយាយរួម មិនអនុញ្ញាតិឲ្យចំណុចច្រកអានសេះ ឃុំឈើទៀលគង នេះ ក្លាយជាតំបន់អប្បគមន៍នោះទេ៕