ឃាត់ខ្លួនមនុស្ស៧នាក់អាវុធចំនួន២ដើម រំលោភដីធ្លីរបស់ពលរដ្ឋ តំបន់កោះក្របី ស្រុកព្រៃនប់
ព្រះសីហនុ ៖សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ ពាក់ព័ន្ធរំលោភដីធ្លីរបស់ពលរដ្ឋ តំបន់កោះក្របី ស្រុកព្រៃនប់ដោយរឹបអូសបានអាវុធចំនួន២ដើម ។
ប្រតិបត្រការណ៍ធ្វើឡើងនៅរសៀលថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៨បន្ទាប់ពីលោក អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានដាក់ចេញបទបញ្ជាដល់កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងអភិបាលស្រុកព្រៃនប់ ឲ្យចុះបង្ក្រាបក្រុមអានាធិបតេយ្យប្រដាប់អាវុធមួយក្រុម ដែលបាននិងកំពុងរំលោភកាន់កាប់ដីធ្លី និងកាប់បំផ្លាញផលដំណាំ របស់ប្រជាពលរដ្ឋនៅចំនុចតំបន់កោះក្របី ភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានមេខ្លោងបញ្ជាពីក្រោយខ្នង។
ពេលនោះកំលាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនពួកជនអានាធិបតេយ្យបានចំនួន០៧នាក់ និងបានដកហូតអាវុធចំនួន០២ដើម ព្រមទាំងសំភារៈបទល្មើសមួយចំនួនទៀត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ករណីនេះកម្លាំងអាវុធហត្ថ បាននិងកំពុងបន្តនីតិវិធី ព្រមទាំងតាមស្វែងរកបក្ខពួកមេខ្លោងដែលនៅពីក្រោយខ្នងមកទទួលខុសត្រូវចំពោះមុខច្បាប់។
ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ អភិបាលស្រុក និងកងរាជអាវុធខេត្ត កងរាជអាវុធហត្ថស្រុក ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់។ ក្នុងនោះប្រជាពលរដ្ឋ បានទទូចដល់អភិបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ឲ្យស្វែងរកមេខ្លោងដែលនៅពីក្រោយខ្នង ជនប្រដាប់អាវុធមួយក្រនេះឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ឱ្យខានតែបានផង៕