ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សន្និសីទសាកលស្តីពីសេដ្ឋកិច្ចពណ៍ខៀវប្រកបដោយនិរន្តរភាព ដែលមានប្រទេសចំនួន ១៨២ ប្រទេសចូលរួម
Thu,29 November 2018 (Time 11:47 AM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1544នាក់)


សន្និសីទសាកលស្តីពីសេដ្ឋកិច្ចពណ៍ខៀវប្រកបដោយនិរន្តរភាព ត្រូវបានប្រារព្វធ្វើឡើងនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ ដោយផ្តោតការពិភាក្សាយ៉ាងសកម្មទៅលើសរសរស្តម្ភចំនួន២គឺ ១)និរន្តរភាព ការប្រែប្រួលអាកាសធាតុ និងការត្រួតពិនិត្យការបំពុល និង២)ផលិតកម្ម ការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ការងារ និងការកាត់បន្ថយភាពក្រីក្រ។ សន្និសីទនេះ ក៏បានផ្តោតការយកចិត្តទុកដាក់លើប្រធានបទរងចំនួន៩ទៀតគឺ ១)មធ្យោបាយដឹកជញ្ជូនប្រកបដោយភាពឆ្លៀតវៃ ២)ការងារ ការបង្កើតការងារ និងការលុបបំបាត់ភាពក្រីក្រ ៣)ទីក្រុង ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងភាពធន់នៃតំបន់ឆ្នេរ ៤)និរន្តរភាពថាមពល ធនធានរ៉ែ និងឧស្សាហកម្មប្រកបដោយការច្នៃប្រឌិត ៥)បញ្ចប់ភាពអត់ឃ្លាន ការធានានូវការផ្គត់ផ្គង់ចំណីអាហារ ការលើកម្ពស់សុខភាព និងនិរន្តរភាពជលផល ៦)ការគ្រប់គ្រង និងនិរន្តរភាពនៃធនធានសមុទ្រ ការអភិរក្ស និងនិរន្តរភាពសកម្មភាពសេដ្ឋកិច្ច ៧)សកម្មភាពអាកាសធាតុ កសិកម្ម ការគ្រប់គ្រងសំណល់ និងភាពស្អាតនៃសមុទ្រ ៨)សន្តិសុខសមុទ្រ សុវត្ថិភាព និងការអនុវត្តច្បាប់ និង៩)ប្រជាជន វប្បធម៍ សង្គម និងសហគមន៍ៈបរិយាប័ននៃសេដ្ឋកិច្ចពណ៍ខៀវ។ ជាមួយគ្នានេះ សន្និសីទក៏បានពិភាក្សាលើប្រធានបទរួមចំនួន៤ទៀតផងដែរគឺ ១)បច្ចេកវិទ្យាថ្មី និងការច្នៃប្រឌិតសម្រាប់ធនធានសមុទ្រ សមុទ្រ បឹង និងទន្លេ ២)ការប្រឈម កាលានុវត្តភាព អាទិភាព និងភាពជាដៃគូ ៣)ហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ចពណ៍ខៀវ និង៤)ស្រ្តី យុវជន និងសេដ្ឋកិច្ចពណ៍ខៀវ។ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានចូលរួមពិភាក្សាយ៉ាងសកម្មលើសរសរស្តម្ភនិរន្តរភាព ការប្រែប្រួលអាកាសធាតុ និងការត្រួតពិនិត្យការបំពុល។ លោកបាន ស្នើ និងសំណូមពរទៅ ដល់គ្រប់ភាគីទាំងអស់ត្រូវធានាឲ្យមាននិរន្តរភាពហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ផែនការសកម្មភាព ដែលជាអាទិភាពដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍សេដ្ឋកិច្ចពណ៍ខៀវ។ ការបែងចែកថវិកាជាតិសមស្រប ក្នុងការគាំទ្រដល់ផែនការសកម្មភាពសេដ្ឋកិច្ចពណ៍ខៀវ កាន់តែមានសារៈសំខាន់ក្នុងការសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ជាតិនីមួយៗ និងអង្គការសហប្រជាជាតិឆ្នាំ២០៣០។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការកែប្រែឥរិយាបទរបស់មនុស្សឲ្យងាកមកស្រលាញ់ធម្មជាតិ ចូលរួមចំណែកសកម្មក្នុងការថែរក្សា ការពារ និងប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការបំពុលទៅក្នុងបរិយាកាសតាមរយៈការលើកកម្ពស់អេកូទេសចរណ៍ និងការប្រែក្លាយឧទ្យានជាតិ និងតំបន់ការពារទាំងឡាយឲ្យទៅជាឧទ្យានសេវាកម្ម ហើយការគ្រប់គ្រងកាកសំណង់រឹងរាវក៏ជាចំនុចអាទិភាពដែលសន្និសីទទាំងមូលត្រូវគិតគូរពិចារណាផងដែរ។ របៀបវារៈ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពបានផ្តល់នូវការចូលរួមចំណែកនៃសេដ្ឋកិច្ចពណ៍ខៀវ ដើម្បីសម្រេចឲ្យបានការអភិវឌ្ឍន៍ដោយចីរភាព។ សេដ្ឋកិច្ចពណ៍ខៀវរួមបញ្ជូលការប្រើប្រាស់ប្របកដោយចីរភាព និងការអភិរក្សធនធានសមុទ្រ សមុទ្រ បឹង ទន្លេ និងធនធានទឹកដទៃទៀត។ ធនធានទាំងនេះគឺជាការបង្ហាញពីសក្តានុពលដ៏ធំធេងសម្រាប់និរន្តរភាព និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន។ ជាប្រវត្តិសាស្រ្តសេដ្ឋកិច្ចពណ៍ខៀវ ត្រូវបានទទួលស្គាល់ ថាជាថាមពលដ៏ខ្លាំងក្លាសម្រាប់ភាពរីកចម្រើន និងវិបុលភាពនៅក្នុងឧស្សាហកម្មថ្នាក់ជាតិទាំងឡាយ។ លោក តឹក វណ្ណារ៉ា បានបន្តថា នៅកម្រិតពិភពលោក គេបានអនុម័ត និងទទួលស្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គឺជាអនាគតដ៏ថ្មីស្រឡាង ដែលរួមបញ្ជូលនូវនិរន្តរភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៅក្នុងការលើកកម្ពស់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានធម្មជាតិសេដ្ឋកិច្ចពណ៍ខៀវ។ ការផ្តល់ហិរញ្ញប្បទានប្រកបដោយការច្នៃប្រឌិត បច្ចេកទេសថ្មី ការកសាងសមត្ថភាព អភិបាលកិច្ចល្អ និងការវិនិយោគនៅក្រោមការអភិវឌ្ឍន៍វិស័យជាច្រើនជាមួយទស្សនៈវិស័យសេដ្ឋកិច្ចពណ៍ខៀវ វានឹងជួយប្រែក្លាយពីបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ទាំងឡាយទៅជាឪកាសសម្រាប់ប្រជាជន និងពិភពលោកទាំងមូល។ សន្និសីទសាកលស្តីពីសេដ្ឋកិច្ចពណ៍ខៀវប្រកបដោយនិរន្តរភាព មានអ្នកចូលរួមសរុបជាង១៤០០០នាក់ ដែលអញ្ជើញមកពីប្រទេសចំនួន១៨២នៃរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ រួមមានមន្រ្តីរដ្ឋាភិបាល ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងសង្គមស៊ីវិល៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7224 នាក់
ខែនេះ :
26777 នាក់
3 ខែនេះ :
60610 នាក់
សរុប :
2511317 នាក់