ចេញពីខារ៉ាអូខេ ស្រវឹងខឹងវ៉ា កុងតឺន័រមិនបាន មន្ត្រីយោធាស័ក្ដិ៥ម្នាក់នឹងបក្ខពួកចាក់និងបាញ់តៃកុង រថយន្តផ្អើលទាំងយប់!
ភ្នំពេញៈ មន្ត្រីយោធាស័ក្ដិ៥ម្នាក់នឹងបក្ខពួករបស់ខ្លួន បានប្រើហឹង្សា ទាញកាំបិតចាក់ អ្នកបើកបរឡានកុងតឺន័រម្នាក់ឲ្យរបួសខ្នងហើយនិងបានដកកាំភ្លើងភ្ជង់ ថែមទៀតដោយសារខឹង វ៉ាជែងរថយន្តកុងតឺន័រ ប៉ុន្តែដោយវ៉ាមិនបាន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង១០នាទី អធ្រាត្រឆ្លងចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ២៧១ ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ ឬហៅថា មន្ទីរពេទ្យលោកសង្ឃ ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងទឹកដីសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនដំបូងគេបានឃើញ យោធាស័ក្ដិ៥ម្នាក់ និងគូកន ទើបចេញពីផឹកស៊ីនៅខារ៉ាអូខេ បានបើករថយន្តកាមរីបាឡែនមួយគ្រឿង ដោយបើកបរក្នុងសភាពស្រវឹង
ផងនោះបាន វ៉ាជែងរថយន្តកុងតឺន័រមួយគ្រឿងទៀត ប៉ុន្តែដោយវ៉ាមិនបាន ក៏បើករថយន្តទៅកាក់ពីមុខរថយន្តកុងតឺន័រទាំងអាការៈខឹងសម្បារ ហើយស្ទុះយកកាំបិតទៅចាក់ និងដកកាំភ្លើងភ្ជង់អ្នកបើកបររថយន្តកុងតឺន័រ បណ្ដាលឲ្យរបួសខ្នង។ ទោះជាយ៉ាងណា ជនរងគ្រោះបានរួចផុតជីវិតពីក្រញ៉ាំឥន្ទ្រីកំណាច បន្ទាប់ពីសមត្ថកិច្ចអន្តរាគមន៍ជួយទាន់ពេលវេលា ពីក្នុងហេតុការណ៍ដ៏៩រថយន្តបង្កម៉ាក កាមរីបាឡែន ដែលជាមន្ត្រីយោធានោះ មានឈ្មោះ ខាត់ នីម ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ធ្វើការនៅនាយកដ្ឋានពិសេស នៃគណៈកម្មាធិការជាតិប្រឆាំងអំពើភារវកម្ម។ នេះតាមកាតសម្គាល់ខ្លួននៅក្នុងរថយន្ត ប៉ុន្តែនៅលើឯកសណ្ឋានក្នុងរថយន្តបង្កដដែលនោះ គេក៏មានឃើញអាវមន្ត្រីយោធារបស់ឈ្មោះ ខាត់ នីម បំពាក់ឋានន្តរស័ក្ដិថ្នាក់ វរសេនីយ៍ឯក (ស័ក្ដិ៥) ផងដែរ។
ចំណែកជនរងគ្រោះជាអ្នកបើកបររថយន្តកុងតឺន័រ ត្រូវបានគេស្គាល់ឈ្មោះ ញ៉ាន ឌួច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុន SP ស្នាក់នៅម្ដុំធនាគារជាតិ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕