លោក ផល្លីជាជាងមាស បានស៊ីដាច់មាសសុទ្ធរបស់អាជីវករជាង ៤០តម្លឹង ចំណែកអាជ្ញាធរសមត្ថកិច្ច សំងំស្ងៀម !
បន្ទាយមានជ័យៈ ប្រជាពលរដ្ឋអាជីវករ នៅផ្សារចំការគ( ផ្សារថ្មី) ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន ១០ រូប ដែលរងគ្រោះ ដោយសារតែលោក ផល្លី ជាជាងមាស បានទទួលមាសពីអាជីវករ យកទៅធ្វើគ្រឿងអង្ការ តែបែរទៅស៊ីដាច់អស់ ជាង ៤០តម្លឹង តាំងពីថ្ងៃទី០៨ ខែ ១២ ឆ្នាំ២០១៨ ទើបនៅថ្ងៃទី២៥ ខែ ១២ ឆ្នាំ២០១៨ ទើបបាននាំគ្នា ឆោឡោឡើង នៅក្នុងផ្សារ ។
លោក ផល្លី ត្រូវបានអាជីវករផ្សារចំការគ (ផ្សារថ្មី) ទទួលស្គាល់នូវទឹកដៃធ្វើគ្រឿងអលង្ការ ជាច្រើន ឆ្នាំ កន្លងមក ។ ឈ្មោះ ផល្លីនេះ មានទីលំនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។ ទើបនៅថ្ងៃទី ០៨ ខែ ១២ ឆ្នាំ២០១៨ ស្រាប់តែបាត់មុខឈ្មោះ ផល្លីចេញពីផ្ទះ សូម្បី តែម្តាយក៏និយាយថា មិនបានដឹងរឿងដែរ ហើយបាននាំយកមាសសុទ្ធទម្ងន់ជាង ៤០តម្លឹងទៅជាមួយ ផង ។ ក្រុមអាជីវករលក់មាស នៅផ្សារចំការគ(ផ្សារថ្មី) បានធ្វើការទាក់ទង ដើម្បីសួរនាំអំពីមូលហេតុ ផ្សេងៗ នៅតែមិនអាចទាក់ទងបាន រហូតដល់ថ្ងៃទី ២៥ ខែ១២ ឆ្នាំ ២០១៨ ដោយការរង់ចាំឈ្មោះ នេះត្រឡប់មកវិញ នៅតែមិនឃើញ ទើបនៅថ្ងៃទី ២៧ ខែ ១២ ឆ្នាំ២០១៨ ទើបក្រុមអាជីវករ សម្រេចដាក់ បណ្តឹងទៅតុលាការ ។
បើតាមសំដីអាជីវករលក់មាស បាននិយាយថាៈ ឈ្មោះ ផល្លីនេះ ជាម៉ូយធ្វើគ្រឿងអង្ការយូរមកហើយ ក្នុងនោះដែរ ក៏មានអ្នកមើលការខុសត្រូវផ្សារចំការគ(ផ្សារថ្មី) ឈ្មោះ ស្រូយ ដែលជាអ្នកជិតដិតជាមួយឈ្មោះផល្លី ហើយជាអ្នកដឹងច្បាស់ថាឈ្មោះផល្លី នៅកន្លែងណាដែរ ។ កន្លងមកនៅពេលឈ្មោះផល្លី បាត់ខ្លួនពីខេត្តបន្ទាយមានជ័យ ក៏ឈ្មោះស្រូយនេះ អវត្តមាននៅក្នុងផ្សារជាច្រើនថ្ងៃមកដែរ ក្រុមអាជីវ ករ បានដាក់ចម្ងល់ថាតើលោក ស្រូយ ជាប់ទាក់ទងនឹងរឿងរំលោភលើទំនុកចិត្តនេះដែរទេ?
លោក ស្រូយ បាននិយាយបដិសេធន៍ក្នុងការចោទប្រកាន់នេះថាៈ លោកមិនបានស្គាល់ឈ្មោះផល្លី នេះទេ ហើយមិនបានដឹងរឿងដែលឈ្មោះផល្លី យកមាសសុទ្ធទម្ងន់ជាង៤០ តម្លឹងរបស់អាជីវករដែរ ដោយគ្រាន់តែឮអាជីវករខ្សិបខ្សៀវគ្នា ។ ក្នុងសំណួរដែលសារព័ត៌មានខ្មែរជាយដែនបានសួរថាតើលោកបានរាយការណ៍ជូនសមត្ថកិច្ចទេ ក្នុងនាមជាអ្នកគ្រប់គ្រងផ្សារ? លោកឆ្លើយស្ទាក់ស្ទើថា បាន រាយការណ៍ទៅប៉ុស្តិរដ្ឋបាលសង្កាត់កំពង់ស្វាយ ។ លោកបញ្ជាក់ថា ពួកអាជីវករ បើមានរបស់ឆ្ងាញ់ មិនដែលហៅរកលោកទេ បើមានរឿងទើបរត់មករកលោក ។
ក្នុងភូមិឃុំមានសុវត្ថិភាព បទល្មើសកើតឡើង រយៈពេលជិត១ខែ មកហើយ មិនទាន់មានសមត្ថកិច្ច ណាមួយចុះមកធ្វើការសាកសួរ អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋសោះ ។ ប្រជាពលរដ្ឋស្នើសុំឲ្យលោក ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើការស៊ើបអង្កេត ចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់ ៕