យុទ្ធសាស្ត្របណ្តេញប្រជាពលរដ្ឋចេញពីដីចំការរបស់ក្រុមហ៊ុន លី សំអាន !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០១៨ មានប្រជាពលរដ្ឋ ចំនួន ១៧០ គ្រួសារ បាន នាំគ្នា ចេញមុខការពារនៅលើដីចំការរបស់ខ្លួន ចំនួន២៩៣ហិតា នៅចំណុចភ្នំព្រះ ស្ថិតនៅក្នុងភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្រុមហ៊ុន លី សំអាន ដែលមានប្រជាពលរដ្ឋតំណាង១៤ គ្រួសារ មិនមែនជាប្រជាពលរដ្ឋក្នុង ស្រុកថ្មពួកឡើយ ដោយបានអះអាងដីរបស់ពួកគាត់ នៅចំណុចនោះ មានទាំងប្លង់រឹងទៀតផង ចំណែកប្រជាពលរដ្ឋជាម្ចាស់ដី ដែលអាស្រ័យផលនៅលើដីរបស់ខ្លួន ក្លាយជាជនរងគ្រោះ ដោយសារតែទំនាស់ដីធ្លីអូសបន្លាយ ពេលជាច្រើនឆ្នាំ ។
តំណាងប្រជាពលរដ្ឋបាននិយាយថាៈ ក្រុមហ៊ុន បានប្រើយុទ្ធសាស្ត្រ ដូចជាៈ
១. ប្តឹងតំណាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋហ៊ានចេញមុខតវ៉ា ការពារដីធ្លីទៅតុលាការ ហើយតុលាការបានចោទប្រកាន់មកលើតំណាង និង ប្រជាពលរដ្ឋ ដូចជាៈបទហិង្សាដោយចេតនា. ប៉ៈពាល់ កម្មសិទ្ធិឯកជន ។
២. ភាគីមិនហ៊ានចូលមកដេញប្រជាពលរដ្ឋ ដោយខ្លួនឯងទេ បានយកដីដែលនៅក្នុងប្លង់នោះ ជួលឲ្យប្រជាពលរដ្ឋផ្សេង ដែលមានលោក អៀម មុត ដែលមានគ្រឿងចក្រ ចូលទៅភ្ជួរឈូសឆាយ នៅលើដី របស់ប្រជាពលរដ្ឋកំពុងតែអាស្រ័យផល ដោយមានការរៀបចំ ពីលោក វ៉ាន់ សារឿន ជាអ្នកជួយកាង និងឈ្មោះ សេង សឺម មានតួនាទីជាយោធា ក្នុងនោះដែរក៏មានមេបញ្ជាការកងរាជអាវុធហត្ថ ជាអ្នក ជួយការពារឲ្យលោក អៀម មុត ភ្ជួរនៅលើនោះផងដែរ ។
ដោយសារតែទំនាស់ដីធ្លី បានឡើងកំដៅខ្លាំង ឃើញលោក ឌៀប ឈួន អភិបាលស្រុកថ្មពួក បានចុះ ទៅជួបប្រជាពលរដ្ឋកំពុងតែធ្វើការតវ៉ាឃាត់ឃាំង មិនឲ្យលោក អៀម មុត ចុះភ្ជួរឈូសឆាយនៅលើដី របស់ពួកគាត់ ។ តំណាងប្រជាពលរដ្ឋ បានបន្ថែមថាៈ អ្នកមានលុយ និងអំណាចធ្វើអីក៏បានដែរ បើតាមការចូលកាន់កាប់ដីធ្លីនោះ មានតែប្រជាពលរដ្ឋ ១៧០គ្រួសារ ចំណែកភាគីខាងក្រុមហ៊ុន មិនដែល ឃើញមានស្រមោលផង បែរទៅជាមានប្លង់កម្មសិទ្ធិ ពួកយើងខ្ញុំសំណូមពរ សូមឲ្យសម្តេចតេជោ ជួយអន្តរាគមន៍ដល់ពួកយើងខ្ញុំផង ៕