ក្មេងទំនើង ០១ក្រុម ជិះម៉ូតូដេញកាប់ចាក់គ្នា រួចក៏ជ្រុលទៅបុកជាប់ក្រោមរថយន្ត បង្កជាអគ្គីភ័យ
ខេត្តតាកែវ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតបានរងរបួស ម៉ូតូមួយគ្រឿងនិងរថយន្តកូរ៉េ ១,៥តោនត្រូវបានភ្លើងឆេះខូចខាតទាំងស្រុងក្នុងហេតុការណ៍ក្មេងទំនើង ០១ក្រុម ជិះម៉ូតូដេញកាប់ចាក់គ្នា រួចក៏ជ្រុលទៅបុកជាប់ក្រោមរថយន្ត បង្កជាអគ្គីភ័យតែម្តង។
មានសេចក្តីរាយការណ៍ថានៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២១:៣០នាទី មានករណីក្មេងទំនើង ០១ក្រុម ជិះម៉ូតូម៉ាក MSX ដេញកាប់ចាក់គ្នា រួចក៏ជ្រុលទៅបុកជាប់ក្រោមរថយន្តកូរ៉េ ០១គ្រឿង ខណៈកំពុងធ្វើចរាចរបញ្ច្រាសទិសគ្នា បង្កជាអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវជាតិលេខ ៣ (ខាងត្បូងផ្សារត្រាំខ្នា) ស្ថិតនៅក្នុងភូមិត្រាំខ្នា ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។
ភ្លាមៗនោះ កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានចុះអន្តរាគមន៍ជួួយសង្គ្រោះ និងពន្លត់អគ្គីភ័យ។ ហើយអគ្គីភ័យបានរលត់ទៅវិញទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង។
គួរបញ្ជាក់ថាហេតុការនេះ បណ្តាលអោយមនុស្សស្លាប់ ០១នាក់(ប្រុស) រងរបួស ០១នាក់ ម៉ូតូ ០១គ្រឿង និងរថយន្តកូរ៉េ ១,៥តោន ០១គ្រឿង ពណ៌ផ្ទៃមេឃ ស្លាកលេខ ត្រូវបានខូចខាតស្ទើរតែទាំងស្រុងផងដែរ៕