សមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិខ្មែរបីនាក់ ដកហូតឈើគ្រញូង១៧២ដុំ !
ប្រទេសថៃ៖ពលករខ្មែរចំនួន៣នាក់ក្នុងចំណោមបក្ខពួកសរុបជាង២០នាក់ ត្រូវបានសមត្ថកិច្ច និងកំលាំងជំនាញរដ្ឋបាលព្រៃឈើថៃ ធ្វើការចាប់ខ្លួន រួមជាមួយនឹងវត្ថុតាងគឺឈើគ្រញូងចំនួន១៧២ដុំខណៈដែលពួកគេបានលបលួចចូលទៅក្នុងតំបន់ឧទ្យានជាតិដែលជាតំបន់ហាមឃាត់ដើម្បីកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ។
ការឃាត់ខ្លួនពលករខ្មែរទាំង៣នាក់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ខែមករាឆ្នាំ២០១៨ត្រង់ចំណុចចុងភូមិតាលីងឆាន់ឃុំចរ៉ាខេហិនស្រុកខនបុរី ខេត្តនគររាជសីមាប្រទេសថៃដែលឈើគ្រញូងទាំងនេះទើបតែនាំចេញពីព្រៃនៃឧទ្យានជាតិថាប់ឡានដែលជាព្រៃអភិរក្ស។នៅក្នុងកិច្ចប្រតិបត្តិការនេះតម្រួតនិងកំលាំងជំនាញថៃ បានធ្វើការដកហូតនូវឈើ គ្រញូង សរុបចំនួន១៧២ដុំដែលគេចងរួចជាស្រេចនិងដាក់ចូលទៅក្នុងសាកាដូសម្រាប់ងាយស្រួលក្នុងការស្ពាយពីក្រោយខ្នងបើសរុបជាទឹកប្រាក់ប្រមាណ ជាង២លានបាត រួមជាមួយនឹងរណាយន្ត ចំនួន៣គ្រឿង ផងដែរ។នៅក្នុងនោះផងដែរពលករខ្មែរម្នាក់បានសារភាពថាពួកគេត្រូវបានមេខ្យល់នាំផ្លូវចូលទៅក្នុងព្រៃនេះសរុបចំនួន២០នាក់ឯក្រុមមួយទៀតជាក្រុមកាប់ឈើមានគ្នាប្រមាណជាង១០០នាក់ដោយរូបគេទទួលបានប្រាក់កម្រៃក្នុងមួយជើងចំនួន៥០០០បាតហើយពេលនេះពួកគេមួយចំនួនទៀតបានរត់គេចខ្លួនចូលទៅក្នុងព្រៃអស់ហើយ ។បច្ចុប្បន្នកំលាំងជំនាញថៃបាននាំខ្លួនជនសង្ស័យទាំង៣នាក់ទៅសាកសួរបន្តដោយឡែកវត្ថុតាងទាំងអស់ត្រូវបានដឹកយកទៅរក្សាទុកនៅទីតាំងឧទ្យានជាតិថាប់ឡានទី៣ក្នុងភូមិសាស្ត្រភូមិខ្លងណាំម៉ាន់ឃុំគោកក្រាក់ឆាយស្រុកខនបុរីខេត្តនគររាជសីមាគួររំលឹកដែរថាកន្លងមកមានមេខ្យល់មួយចំនួនបាននាំពលករសរុបប្រមាណ៣០០នាក់មកលែងចោលក្នុងព្រៃនេះដើម្បីអោយកាប់ឈើគ្រញូងរហូតធ្វើអោយពួកគេដាច់បាយដាច់ទឹកនិងត្រូវបោះបង់ការងារនេះចេញមកអំពាវនាវសុំអោយភាគីថៃជួយអន្តរាគមន៍ផងដែរ៕ដោយៈmuonrithya