បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់តុលាការពីបទ ប្រទូស្តកេរ្តិ៍ខ្មាស់!
បន្ទាយមានជ័យ៖យោងពាក្យបណ្តឹងរបស់ឈ្មោះ ខន រ៉ានី ភេទ ស្រី អាយុ ២៧ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅ ភូមិកូនដំរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្តីពីបទប្រទូស្តកេរ្តិ៍ខ្មាស់ ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង០០នាទីនៅចំណុចក្នុងព្រៃមាត់អូរ ច្រកព្រំប្រទល់កម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកអនុសេនីយ៍ឯកចាន់រដ្ឋាមេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ខនរ៉ានីលោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យនិងបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ទី រដ្ឋា ភេទ ប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
លោកអនុសេនីយ៍ឯក ចាន់រដ្ឋាបានបញ្ជាក់បន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យគឺខ្លួនពិតជាបានប្រទូស្តកេរ្តិ៍ខ្មាស់លើនារីម្នាក់ឈ្មោះ ខន រ៉ានី ពិតប្រាកដមែននៅពេលដែលខ្លួនបានជូនជនរងគ្រោះ ឆ្លងអូរ ដើម្បីចូលទៅក្នុងទឹកដីថៃ ។ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ឯកម៉ែនភិរម្យមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារយុត្តិធម៌បានបញ្ជាក់បន្ថែមថា៖ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងបានពិនិត្យទឹកនោមជនសង្ស័យឃើញមានជាប់សារធាតុញៀនថែមទៀតកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យស្តីពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់និងប្រទូស្តកេរ្តិ៍ខ្មាស់ ទៅតុលា ដើម្បីចាត់ការទៅតាមនីតិវិធី ៕