ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម៦នាក់ត្រូវបានទាហានឈុតខ្មៅថៃឃាត់ខ្លួនខណៈពួកគេឆ្លងដែនទៅកាប់ក្រញូងក្នុងទឹកដីថៃ!
ប្រទេសថៃ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ទាហាន ឈុតខ្មៅថៃបានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរ១ម្នាក់ក្នុងចំណោម៦នាក់ខណៈដែលពួកគេលួចឆ្លងដែនកាប់ឈើក្រញ៉ូងក្នុងទឹកដីថៃ ទល់មុខប៉ុស្តិ៍ភ្នំគុតឬស្សី ស្ថិតក្នុងភូមិសុផានហ៊ីម ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។
ពលរដ្ឋខ្មែរដែលទាហានឈុតខ្មៅថៃ អង្គភាពកងរយ៥៣៦ ចាប់ខ្លួននោះមានឈ្មោះ ស៊ឹម រ៉េន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបឹងប្រីយ៍ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងនោះទាហានឈុតខ្មៅថៃរកឃើញ ឈើក្រញ៉ូង៥ដុំ និងម៉ាស៊ីនត្រង់ស៊ីន័រអារឈើ ១គ្រឿង។
ពលរដ្ឋខ្មែរ៦នាក់ដែលបានរត់គេចខ្លួនខាងភាគីថៃ មិនទាន់បានបញ្ជាក់ ពីអត្តសញ្ញាណពលរដ្ឋខ្មែរទាំង៦នាក់នោះនៅឡើយ។ ពលរដ្ឋ១នាក់ដែលថៃចាប់បានត្រូវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្រាត ដើម្បីសួរនាំ ហើយបានជូនដំណឹងមកឲ្យកម្លាំងសមត្ថកិច្ចកម្ពុជាផងដែរ។
ខាងភាគីកម្ពុជា បានទំនាក់ទំនង ទៅច្រកព្រំដែន៥៦ ឃុំថ្មដា ស្រុកវាលវែង ដើម្បីចុះទៅសួរនាំស្រាវជ្រាវ និងស្វែងរកបក្សពួក និងមេខ្យល់ ដែលផ្សំគំនិតចូលរួមលួចឆ្លងដែនចូលកាប់ឈើក្រញ៉ូងខុសច្បាប់ នៅលើទឹកដីថៃ ៕