អាវុធហត្ថស្រុកម៉ាឡៃក្របួចជនសង្ស័យជួញដូរថ្នាំញៀនចំនួន២នាក់ទៅតុលាការ!
បន្ទាយមានជ័យ៖សមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនចំនួន២នាក់បញ្ជូនទៅកាន់តុលាការនឹងរឹបអូសបានវត្ថុតាងថ្នាំញៀន មេតំហ្វេតាមីនគ្រាប់ ចំនួន ៤០០គ្រាប់(បួនរយគ្រាប់) ។
សមត្ថកិច្ចបានអោយដឹងថា៖នៅវេលាម៉ោង១៩និង០១នាទីថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៨កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
លោកវរសេនីយ៍ត្រីតាំងសុខហេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា៖ ក្រោយប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចខាងលើយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ជា វណ្ណា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ២-ឈ្មោះ អែល វណ្ណា ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុង ភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ៤០០គ្រាប់(បួនរយគ្រាប់) -រងយន្ត ០១គ្រឿង ម៉ាក កាមេរី ស៊េរីឆ្នាំ ១៩៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ប.ជ ២A-៣៥៧១ -ទូរស័ព្ទដៃចំនួន ០៤គ្រឿង -កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ហើយបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់បន្ថែមថា៖ចំពោះការបង្រ្កាបករណីជួញដូរគ្រឿងញៀនខាងលើគឺកងកម្លាំងយើងបានអនុវត្តន៍ទៅតាមវិធាននៃច្បាប់ដែលបានកំណត់ហើយក្នុងប្រតិបត្តិការបង្រ្កាបនេះ គឺយោងទៅលើព័ត៌មាន ទីតាំង និងការកំណត់មុខសញ្ញាច្បាស់លាស់ដើម្បីអោយប្រតិបត្តិការទទួលបានជោគជ័យ ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ខាងលើរួមនិងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលា ដើម្បីចាត់ការទៅតាមនីតិវិធី ៕