ស្រវឹងស្រាជិះម៉ូតូដួលប្រកាច់ស្លាប់ម្នាក់ឯងកណ្តាលស្រែមិនប៉ះពាល់ដល់អ្នកដ៍ទៃ!
ខេត្តកំពង់ស្ពឺ:បុរសម្នាក់បានប្រកាច់ស្លាប់ភ្លាមៗក្រោយ ពីស្រវឹងស្រាជិះម៉ូតូដួល ម្នាក់ឯងកណ្តាលស្រែ
លុះព្រឹកឡើងត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញបង្ករភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមប្រភពសមត្ថកិច្ចនគរបាលស្រុកគងពិសី បានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ សៅ សុំអាយុ៣៣ឆ្នាំភេទប្រុសស្នាក់នៅភូមិកើតហេតុខាងលើបានដេកស្លាប់នៅកណ្តាលស្រែខាងលិចផ្ទះរបស់ខ្លួនចម្ងាយប្រមាណ ២០០ម៉ែត្រ។
បើតាមការពិនិត្យសាកសពរបស់ក្រុមជំនាញនគរបាលស្រុកគងពិសីបានឲ្យដឹងថា សាកសពឃើញ មានស្លាកស្នាមកោសរលាត់កែងដៃឆ្វេង និងខ្នងជើងឆ្វេងដែលជនរងគ្រោះជិះម៉ូតូដួលខ្លួនឯង កាលពីថ្ងៃ ព្រហស្បតិ៍១៤ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ។
បើតាមការបញ្ជាក់ពីសាច់ញាតិសាកសពបានឲ្យដឹងថាមុនពេលស្លាប់ជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំហើយជាមនុស្សមិនសូវមានក្រុមគ្រួសារយកចិត្តទុកដាក់ព្រោះគាត់ជាបុរសពោះម៉ាយគ្មានកូនចៅនៅក្បែរ ។
ក្រោយធ្វើកោសល្យវិច័យលើសាកសពរួចសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕