ចៅសង្កាត់កាកាប២ប្តឹងទៅតុលាកាស្ងាត់ៗសុំលែងលះប្រពន្ធ ក្រោយបែកធ្លាយរឿងមានស្រីថ្មី
ភ្នំពេញ៖ចៅសង្កាត់កាកាប២ប្តឹងទៅតុលាកាស្ងាត់ៗសុំលែងលះប្រពន្ធ ក្រោយបែកធ្លាយរឿងមានស្រីថ្មី តែ
ប្រពន្ធដើមមិនអស់ចិត្តបានធ្វើដំណើរតាំងពីខេត្តកំពង់ឆ្នាំងដើម្បីស្កាត់ជួបនិយាយសម្របសម្រួលគ្នាជាមួយ ប៉ុន្តែលោកចៅសង្កាត់មិនចេញពីបន្ទប់ធ្វើការមកជួបឡើយដូច្នេះសុំឲ្យលោកអភិបាលខណ្ឌនិងមន្រ្តីគ្រប់លំដាប់ថ្នាក់ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមេត្តាជួយរកយុត្តិធម៌ដល់គាត់ផង។
ស្ត្រីម្នាក់អះអាងថាជាប្រពន្ធលោកម៉ាលីពិសិដ្ឋដែលជាចៅសង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យដោយគាត់បាននិយាយថាលោកចៅសង្កាត់ខាងលើគឺជាប្ដីរបស់គាត់រស់នៅជាមួយគ្នាជាង១០ឆ្នាំមកហើយ។តាំងពីពេលដែលប្ដីមានបុណ្យសក្ដិតូចតាចឥឡូវលោកប្ដីបានឡើងជាចៅសង្កាត់ស្រាប់តែភ្លេចរូបគាត់និងកូនៗ៣នាក់ដោយបានដាក់ពាក្យប្ដឹងលែងលះរូបគាត់ទាំងគ្មានកំហុស។ប៉ុន្តែខណៈពេលដែលគាត់ទៅដល់សាលាសង្កាត់លោកប្ដីបានបិទទ្វារនៅក្នុងបន្ទប់ធ្វើការខ្ទាស់គន្លឹសពីខាងក្នុងនិងឲ្យកូនចៅចាក់សោរទ្វារពីខាងក្រៅជាប់មិនព្រមចេញមកជួបគាត់ឡើយហើយមូលហេតុដែលសុំលែងនោះគាត់សង្ស័យប្ដីមានស្រីថ្មីនិងជាអ្នកធ្វើការជាមួយគ្នាទៀតផង។
ស្រ្តីខាងលើបានធ្វើដំណើរទៅរកប្ដីកាលពីវេលាព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០១៨ដល់កន្លែងដែលប្ដីធ្វើការគឺនៅក្នុងសាលាសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីខាងលើបាននិយាយថា ប្ដីរបស់គាត់ឈ្មោះ ម៉ា លីពិសិដ្ឋអាយុ៣៩ឆ្នាំមុខរបរជាចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ចំណែករូបគាត់ជាប្រពន្ធឈ្មោះ អ៊លពិសីអាយុ៣៩ឆ្នាំមានទីលំនៅក្នុងភូមិត្រពាំងចិកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។មានកូនចំនួន៣នាក់ក្នុងនោះកូនស្រីបង ឈ្មោះ ពិសិដ្ឋ សុខិតា អាយុ១៧ឆ្នាំ កូនស្រីទី២ឈ្មោះ ពិសិដ្ឋ ថាភរិយា អាយុ១០ឆ្នាំ និងកូនប្រុសពៅឈ្មោះ ពិសិដ្ឋ លីវណ្ណលាភ អាយុ៥ឆ្នាំ ។ប្រភពដដែលបានបន្តទៀតថា គាត់និងលោកម៉ាលី ពិសិដ្ឋបានយកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយប៉ុន្តែបានចុះអេតាស៊ីវិលជាមួយគ្នាដែលបញ្ជាក់ថាជាប្ដីប្រពន្ធស្របច្បាប់។មិនតែប៉ុណ្ណោះកាលមុនពេលជួបគ្នាគាត់ជាស្រីមេម៉ាយមានកូនស្រីម្នាក់ចំណែកលោកប្ដីក៏ជាបុរសពោះម៉ាយមានកូនម្នាក់ដែរ។លុះពេលបានគ្នាជាប្ដីប្រពន្ធលោកប្ដីបានឲ្យគាត់លុបនាមត្រកូលប្ដីមុនរបស់កូនស្រីចោលនិងយកឈ្មោះរបស់ខ្លួនដាក់ជំនួសវិញ។បន្ទាប់មកបានឲ្យគាត់សេងឥវាន់ចាបហួយយកលុយនិងខ្ចីលុយធនាគារ៥ពាន់ដុល្លារព្រមទាំងលក់គ្រឿងអលង្ការមាស២តម្លឹងប្រមូលយកលុយមករកការងារធ្វើនៅភ្នំពេញនិងបានស្នាក់នៅផ្ទះជួល។
ស្រ្តីជាប្រពន្ធបានបន្តទៀតថាពេលនោះលោកប្ដីបានការងារជាចៅសង្កាត់រងទី២សង្កាត់កាកាបហើយបានស្នាក់នៅជាមួយគ្នាគ្មានបញ្ហាអ្វីឡើយ។លុះក្រោយមកបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិប្ដីគាត់បានក្លាយជាចៅសង្កាត់កាកាប២ប៉ុន្តែមិនបានប្រាប់ឲ្យគាត់ដឹងថាជាប់ជាចៅសង្កាត់ឡើយគឺលាក់លៀមរហូត។លុះដល់ខែធ្នូឆ្នាំ២០១៧ស្រាប់តែលោកប្ដីដាក់ពាក្យទៅតុលាការសុំលែងលះគ្នាជាមួយគាត់ដោយគ្មានមូលហេតុនិងបានព្យាយាមគេចវេសពីគាត់រហូតតែម្ដង។បន្ទាប់ពីប្ដីធ្វើបែបនេះគាត់ពិបាកចិត្តណាស់ហើយនៅថ្ងៃទី១០ខែមករាឆ្នាំ២០១៨គាត់បានតាមរកប្ដីប៉ុន្តែប្ដីគេចមិនជួបទេ លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨តុលាការបានកោះហៅទៅសាកសួរ។ពេលនោះប្ដីដាច់ខាតត្រូវតែលែងគាត់ចោលប៉ុន្តែគាត់វិញមិនបានលែងទេ លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការបានកោះហៅម្ដងទៀតតែគាត់អត់បានទៅទេព្រោះអត់ស្រួលខ្លួនហើយប្ដីបានគេចរហូតមកដល់ព្រឹកថ្ងៃទី១៩មីនានេះទើបគាត់សម្រេចចិត្តតាមរកដល់សាលាសង្កាត់តែម្ដង។ប៉ុន្តែលោកចៅសង្កាត់មិនចេញពីបន្ទប់ធ្វើការមកជួបឡើយដូច្នេះសុំឲ្យលោកអភិបាលខណ្ឌនិងមន្រ្តីគ្រប់លំដាប់ថ្នាក់ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមេត្តាជួយរកយុត្តិធម៌ដល់គាត់ផង៕