សាលក្រមអយុត្តិធម៌ ចាប់ជនគ្មានកំហុសដាក់ពន្ធនាគារ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ មានប្រជាពលរដ្ឋសហគមន៍ថ្នល់បត់ ឃុំអូរបី ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាមកធ្វើបាតុកម្ម អហិង្សានៅខាងមុខសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារតវ៉ាឲ្យដោះលែងតំណាងសហគមន៍ ដីធ្លី របស់ពួកគាត់ គឺ អ្នកស្រី ឡុង សុគន្ធី ឲ្យមានសេរីភាពវិញ ដោយឥតលក្ខខ័ណ្ឌ ។
នៅខាងមុខ សាលាដំបូង ខេត្តបន្ទាយមានជ័យ មានបាតុករចំនួន ប្រហែល ៧០ នាក់ មានដៃកាន់បដា ស្នើសុំឲ្យដោះលែងអ្នកស្រី ឡុង សុគន្ធី ហើយបាតុករបានស្រែក ដោយសំដៅទៅលើស្ថាប័នតុលាការ ថាៈ តុលាការកាត់ក្តីគ្មានយុត្តិធម៌ តុលាការគំរូ តែវិនិច្ឆ័យក្តី ពិចារណាក្តីគ្មានយុត្តិធម៌ ចាប់មនុស្សគ្មានកំហុក ដាក់គុក ។
ប្រជាពលរដ្ឋអ្នកធ្វើបាតុកម្ម ម្នាក់នៅខាងមុខ តុលាការ បាននិយាយថា តុលាការតេឡេ ចាប់ តំណាងសហគមន៍ពួកខ្ញុំ ដើម្បីយកដីចំការរបស់ពួកខ្ញុំ តុលាការមិនបានផ្តល់យុត្តិធម៌ ជូនពួក ខ្ញុំទេ ! នេះហើយជាតុលាការគំរូ ខេត្តបន្ទាយមានជ័យ ! ។
ក្នុងការចាប់ឃាត់ខ្លួនអ្នកស្រី ឡុង សុគន្ធី តាមអំណាចសាលក្រម មិនទាន់ចូលជាស្ថាពរក៏ ដោយក៏អ្នកច្បាប់ បានមើលឃើញថា អំពើអយុត្តិធម៌ ហើយមានការរៀបចំទុកជាមុន មានចេតនា ចាប់តំណាងសហគមន៍ ដើម្បីឈានទៅយកដីរបស់ប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់ អាស្រ័យផល ដែលមានប្រជាពលរដ្ឋ ចំនួន ២៤៦ គ្រូសារ កំពុងតែរងគ្រោះ ។ នេះជាយុទ្ធ សាស្ត្រលើកទី ២ បន្ទាប់ពីចាប់លោក សំ ជឿន តំណាងប្រជាពលរដ្ឋនៅក្នុងភូមិសិលាខ្មែរ ឃុំ អូរបីជាន់ស្រុក អូរជ្រៅ ដែលមានទំនាស់ដីជាមួយមន្ត្រីធំគ្រាក់ៗ បានយកដីរបស់ប្រជាពលរដ្ឋ ហើយប្តឹងប្រជាពលរដ្ឋ ចាប់ដាក់ពន្ធនាគារ ។
នៅក្នុងសាលក្រមលេខ ២៣(ច) ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨ បង្គាប់ឲ្យចាប់ខ្លួនអ្នកស្រី ឡុង សុគន្ធី ជាតំណាងសហគមន៍ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើតាមអង្គហេតុ ដែលមានទំនាស់នោះ មិនបានជាប់ពាក់ព័ន្ធជាមួយជាមួយអ្នកស្រីទេ ។ តែការប្តឹងនោះ មានចេតនាទាញអ្នកស្រី ចូលក្នុងរឿងនេះ ។ តាមពិតជនប្រព្រឹត្តពិតប្រាកដ ដោយមិនត្រូវបានតុលាការ ចេញដីកាចាប់ខ្លួនទេ ដោយសារតែជនប្រព្រឹត្តជាសាច់ញាតិ មន្ត្រីមានអំណាច នៅក្នុងខេត្តបន្ទាយមានជ័យ ។
ក្នុងសាលក្រមមិនទាន់ចូលជាស្ថាពរបានបង្គាប់ចាប់ឃុំខ្លួនអ្នកស្រីនៅពន្ធនាគារ ត្រូវបានក្រុមអ្នកច្បាប់ បានចំអកថាៈ បទល្មើសដែលត្រូវផ្តន្ទាទោសចាប់ពី ១ ឆ្នាំចុះ គឺតុលាការមិនត្រូវសំរេចឃុំ ខ្លួន ឬ ផ្តន្ទាទោសដាក់ពន្ធនាគារឡើយ បើសិនទោសនោះចាប់ពីជាង ១ ឆ្នាំ ទើបតុលាការ សម្រេចឃុំខ្លួន ឬ សម្រេចផ្តន្ទាទោសគុក ។ នេះជាតុលាការគំរូ?? ។
ប្រជាពលរដ្ឋសហគមន៍ថ្នល់បត់ បានបង្ហើបប្រាប់ សារព័ត៌មានខ្មែរជាយដែនថា ពួកគាត់ធ្វើ បាតុកម្មអហិង្សា ជាប់ជាប្រចាំនៅខាងមុខតុលាការ រហូតដល់មានការដោះលែង អ្នកស្រី ឡុង សុគន្ធី ព្រោះអ្នកស្រីគ្មានទោស រងនូវអំពើអយុត្តិធម៌ខ្លាំងបំផុតដោយស្មាដៃតុលាការតេឡេ៕