ថ្ងៃចូលឆ្នាំថ្មីលួចម៉ូតូគេជិះដើរលេងត្រូវបានម្ចាស់ម៉ូតូប្រទះឃើញប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង !
បន្ទាយមានជ័យ៖ហួសចិត្តក្មេងប្រុសម្នាក់ព្រោះតែចង់ហឺហាថ្ងៃចូលឆ្នាំថ្មីលួចម៉ូតូគេជិះដើរលេងត្រូវបានម្ចាស់ម៉ូតូប្រទះឃើញ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង យោងតាមរបាយការណ៍អាវុធហត្ថខេត្តបន្ទាយមាន
ជ័យ បានអោយដឹងថា៖ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៨និង១៥នាទីនៅចំណុចសួនមានជ័យ(វេទិកាខេត្តចាស់) ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ពីបទលួច(ម៉ូតូ)។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានអោយដឹងថា ៖ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ លោកបានទទួលពាក្យបណ្តឹងពីឈ្មោះ ម៉ា ស្រីវ៉ុន ភេទ ស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា ៖ តាមការបំភ្លឺរបស់ជនរងគ្រោះ នៅវេលាម៉ោង ១៩ និង ២០នាទី នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សុក ចាន់ភ័ណ្ឌ បានមកជួលផ្ទះរបស់គាត់ដើម្បីស្នាក់នៅ ហើយបានលួចយកម៉ូតូរបស់គាត់ ០១គ្រឿង ម៉ាក ហុងដា MSX ស៊េរីឆ្នាំ២០១៧ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ប.មានជ័យ ១R-៦៦១០ រួចជិះគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ក្រុមគ្រួសាររបស់គាត់បានមកដើរកំសាន្តនៅបរិវេណសង្រ្កានបន្ទាយមានជ័យ ស្ថិតនៅចំណុចសួនមានជ័យ ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូដើរលេងនៅចំណុចទីកំសាន្តនោះដែរ ក៏បានប្តឹងសមត្ថកិច្ចដែលឈរជើងនៅទីនោះអោយឃាត់ខ្លួនតែម្តង ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តទៀតថា ៖ ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានលួចយកម៉ូតូ ០១គ្រឿង ខាងលើពិតប្រាកដមែន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ តាមការសាកសួរបន្ថែមរបស់មន្ត្រីជំនាញ ជនសង្ស័យបានសារភាពថាខ្លួនបានលួចម៉ូតូ របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ អាចបញ្ជាក់ពីតម្រុយនៃពិរុទ្ធយ៉ាងជាក់លាក់ ដូចនេះជនសង្ស័យខាងលើ អាចត្រូវចោទពីបទ (លួច) ។ កម្លាំងជំនាញបានរៀបចំឯកសារបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។