នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្ក្រាបទំនិញយួនចំនួន១៣មុខ ដែលជាប្រភេទថ្នាំគីមី កសិកម្មដែលមានសារធាតុគីមីប្រមាណ១០តោន!
ខេត្តកណ្តាល ៖ ទំនិញចំនួន១៣មុខ ដែលជាប្រភេទថ្នាំគីមី កសិកម្មដែលមានសារធាតុគីមីប្រមាណ១០តោននាំចូលមកពីប្រទេសវៀតណាមតាមច្រករបៀងខ្សច្បាប់ត្រូវបានសមត្ថកិច្ចកម្ពុជាបង្ក្រាប។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីម៉ោងប្រហែល១២ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្ក្រាប នៅចំណុចក្រោយវត្តពោធិ៍យួន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពបញ្ជាក់ថា ថ្នាំពុលទាំងនេះ ត្រូវបានឈ្មួញដឹកតាមទូកធំៗ ដឹកមកពីវៀតណាមតាមកាណូតឆ្លងកាត់តាមច្រករបៀងព្រំដែនជ្រៃធំ ។ បន្ទាប់ពីបង្ក្រាប និងដកហូតថ្នាំគីមីពុលទាំងនោះ សមត្ថកិច្ចបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ ទំនិញទាំងនេះពុំមានច្បាប់អនុញ្ញាតនោះទេ ។ ចំណែកម្ចាស់ចំនួនបីនាក់ ត្រូវបាននាំខ្លួនមកសាកសួរ នៅស្នងការនគរបាលខេត្តកណ្តាល ។
ប្រភពប្រាប់ថាទំនិញដែលរកឃើញជាប្រភេទថ្នាំពុលគីមីបាញ់លើដំណាំកសិកម្ម ។ ក្នុងចំណោមថ្នាំពុលគីមីទាំងនោះ មាន១៣ប្រភេទត្រូវបានគេធ្វើការត្រួតពិនិត្យរកឃើញថា មិនមានចុះបញ្ជីជាមួយក្រសួងកសិកម្ម និងមួយចំនួនទៀតមិនមានតាមច្បាប់ ព្រមទាំងមួយចំនួនផ្សេងទៀតមិនបានបង់ពន្ធ ។ ហើយថ្នាំទាំងនោះ មានថ្នាំសំលាប់សត្វល្អិត ថ្នាំបំប៉នដំណាំ និងថ្នាំកំចាត់ស្មៅជាដើម ៕