មន្ត្រីនគរបាលចរាចរដែលទារប្រាក់ជនបរទេសដែលជិះខុសភ្លើងសញ្ញាចរាចរណ៍ប្រព្រឹត្តខុសវិន័យកងកម្លាំងបណ្តេញចេញពីក្របខណ្ឌនគបាលជាតិ
ភ្នំពេញ៖កុំចេះតែហ៊ានទីបំផុតមន្ត្រីនគរបាលចរាចរដែលទារប្រាក់ជនបរទេសដែលជិះខុសភ្លើងសញ្ញាចរាចរណ៍ប្រព្រឹត្តខុសវិន័យកងកម្លាំងបណ្តេញចេញពីក្របខណ្ឌនគបាលជាតិហើយនេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។
បន្ទាប់ពីមានមតិរិៈគនពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គម facebook ចែករំលែកតៗគ្នាកាលពីពេលកន្លងមកពាក់ព័ន្ធទៅលើមន្ត្រីនគរបាលចរាចរណ៍២រូបដែលបានទារប្រាក់ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។ ដោយមន្ត្រីនគរបាលទាំង២នាក់ទារប្រាក់ចំនួន២០ដុល្លារជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៨នេះ ថាមន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះត្រូវផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។
ចំពោះចំណាត់ការយ៉ាងនោះលោកបានសុំគោលការណ៍ពីឯកឧត្តម នាយឧត្ដមសេនី យ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ។
លោកនាយការិយាល័យបានបន្ថែមថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ខាងលើបានប្រព្រឹត្តខុសនូវវិន័យកម្លាំងលេខ ០០៦ របស់នគរបាលជាតិ ដោយផាកពិន័យលើសគោលការណ៍និងមិនបានចេញវិក័យបត្រដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត។
បច្ចុប្បន្នការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្នាននគបាលរាជធានីភ្នំពេញបានចាត់វិធានការយ៉ាងតឹងរឹងព្រមទាំងផ្អាកការងារជាបណ្តោះអាសន្នចំពោះមន្រ្តីទាំង២រូបនេះហើយបានកសាងសំណុំរឿងស្នើសុំគោលការណ៍ពីឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាល រាជធានីភ្នំពេញផងដែរ ។
ក្នុងនោះដែរ ឯកឧត្តមនាយ ឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែមថាមន្ត្រីនគរបាលចរាចរណ៍ទូទាំងរាជធានីភ្នំពេញត្រូវបានទទួលនូវការលើកទឹក
ចិត្តនិងឧបត្ថម្ភពីសម្តេចក្រឡាហោមសខេងឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍សណ្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគបាលជាតិ និង ឯកឧត្តមអភិបាល នៃ គណៈភិបាល រាជធានីភ្នំពេញ ក៏ដូចជាសេចក្តីណែនាំក្រើនរំលឹកពី ឯកឧត្តមនាយ ឧត្តមសេនីយ៍ស្នងការផងដែរ ។
ជារួម ឯកឧត្តមនាយ ឧត្តមសេនីយ៍អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ មិនអនុញ្ញតអោយមានមន្ត្រីនគរបាលណាម្នាក់អនុវត្ត ឬប្រព្រឹត្តបទល្មើសផ្ទុយពីសេចក្តីថ្លៃថ្នូ សុជីវធម៌ ក្រមសីលធម៌ ជាមន្ត្រីកងកម្លាំងនគរបាលជាតិឡើយ ។
ចំពោះទង្វើរបស់មន្ត្រីនគបាលទាំងពីរនាក់ខាងលើ ឯកឧត្តម មិនអាចអប់រំណែនាំបន្តទៀតនោះទេ គឺ ឯកឧត្តម គោរពស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមនាយឧត្តមសេនីយ៍សណ្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគបាលជាតិបណ្តេញចេញពីក្របខណ្ឌនគបាលជាតិតែម្តង ៕