ដល់រដូវធ្វើទីផ្សារលក់ដី នៅចំណុចបឹងស្នោរ របស់លោកឧកញ៉ា សំ ផាន់ណារិទ្ធិ អ្នកមកទិញភាគច្រើនសុទ្ធតែអ្នកភ្នំពេញ !
បន្ទាយមានជ័យៈ ករណីទំនាស់ដីធ្លីឈានដល់ការសម្លាប់មនុស្ស រកឃាត់ក មិនឃើញ ហើយនិងចាប់ មនុស្សដាក់គុកដោយសារតែទំនាស់ដីធ្លី កំពុងកើតមាននៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ទោះជាករណីទំនាស់ដីធ្លីមិនទាន់ដោះស្រាយចប់សព្វគ្រប់ក៏ដោយ ក៏លោកឧកញ៉ា សំផាន់ណារិទ្ធិ និង លោក យី ភារម្យ មេភូមិបឹងស្នោរ (ទើបឡើងថ្មី ) និងបក្សពួកកំពុងតែ ជួយធ្វើទីផ្សារជូនលោក សំ ផាន់ ណារិទ្ធិ ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋ នៅឆ្ងាយៗ ដូចជា ខេត្តកំពង់ចាម និង ប្រជាពលរដ្ឋនៅភ្នំពេញ ដែលមិនបានស្គាល់ប្រវត្តិដីនោះច្បាស់លាស់ ។ ចំណែកអ្នកនៅក្នុងខេត្តបន្ទាយមានជ័យ មិនសូវមាន ប្រជាពលរដ្ឋណាមួយចាប់អារម្មណ៍ ទៅលើដីនៅចំណុចនោះទេ ។
ដីនៅចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានទំនាស់ កើតឡើង តាំងពីឆ្នាំ ២០០៥ ក្នុងខណៈពេលដែលលោក ឃួន វណ្ណា ជាមេភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយ ចេក ដែលបានសុំដីបង្កើតភូមិបឹងស្នោរ ដែលមានទំហំ ១៣០០ម x ៦០០០ម បានប៉ៈពាល់ដល់ដីរបស់ ប្រជាពលរដ្ឋភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ករណីទំនាស់នេះ បានបន្ត រហូតដល់លោក វ៉ន សំបូរ មេភូមិបឹងស្នោរបន្តពីលោក ឃួន វណ្ណា ។ ទំនាស់នេះនៅតែបន្តរហូតមក តែអាជ្ញាធរមិនមានការដោះស្រាយ ជាជម្ងឺរាំរ៉ៃ ជាប់រហូតមក ។
បើតាមប្រជាពលរដ្ឋនៅឃុំស្លក្រាម បានដឹងអំពីប្រវត្តិដីធ្លីនេះ ដោយមិនបញ្ចេញឈ្មោះ បាននិយាយថា មិនខុសពីមន្ត្រីក្រុមប្រឹក្សាឃុំ ដែលលើកឡើងនោះទេ ថា លោក សំ ផាន់ណារិទ្ធិ បានក្លាយជាឧកញ៉ា ដោយសារតែការធ្វើទីផ្សារលក់ដីនៅ ភូមិបឹងស្នោរ ឃុំស្លក្រាម ដោយមានផែនទីដី មានផ្សារ មានដី ឡូតិ៍ តែតាមពិត ចាប់តាំងពីឆ្នាំ២០០០មក មិនឃើញកើតអីទេ នោះគ្រាន់ជាការធ្វើទីផ្សារ ដើម្បីលក់ ដីឲ្យឆាប់ដាច់អស់ ! ហើយដីខ្លះក៏កំពុងមានទំនាស់ផងដែរ ក៏កំពុងតែធ្វើទីផ្សារឆាប់លក់ចេញឲ្យផុត ពី មុខ ពីមាត់របស់ខ្លួន ! កន្លងមកឃើញលោក សំ ផាន់ណារិទ្ធិ បានផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យអតិថិជន ទៅពិសារអាហារ និងផឹកស៊ីនៅហាង ក្នុងព្រៃបឹងស្នោរ តែឆ្ងាយពេកមិនបានអ្នកណាទេទៅពិសារ ទើប ដួលឈប់លក់ ។ នៅលើដីមួយចំនួន លោក សំ ផាន់ណារិទ្ធិ បានផ្តិតមេដៃលើលិខិតផ្ទេរពាក្យសុំកាន់ កាប់ដីធ្លី ក្នុង១ ថ្ងៃជាង ៤០ប័ណ្ណ ទៅឲ្យអ្នកផ្សេងៗ ដោយមានលោក កុក ហួន មេឃុំស្លក្រាម និង លោក ឃូ ពៅ អភិបាលស្រុកស្វាយចេក ចុះហត្ថលេខាលើ លិខិតនោះផងដែរ ។ ប្រជាពលរដ្ឋ និង មន្ត្រីមួយចំនួន បានដាក់ការសង្ស័យ និងឆ្ងល់ថាៈ តើលោកឧកញ៉ារូបនេះ បានដីមកពីលក់ និងផ្ទេរសិទ្ធិ ច្រើនម្លេះ????
ករណីទំនាស់ដីធ្លីនៅភូមិបឹងស្នោរ ឈានដល់មានអំពីមនុស្សឃាត បានកើតឡើង កាលពីថ្ងៃទី ១៤ ខែ ០៩ ឆ្នាំ២០១៤ ជនរងគ្រោះឈ្មោះ លឹម ខេង ហៅ ម៉ៅ អាយុ ៤១ ឆ្នាំ ត្រូវបានឃាតក បាញ់ចំនួន ០៣ គ្រាប់បណ្តាលឲ្យស្លាប់ នៅក្នុងដីចំការ ។ កាលនោះសមត្ថកិច្ចសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយ អ្នក រស់នៅភូមិបឹងស្នោរ ហើយក៏អ្នកខ្លះបានរត់គេចខ្លួន ចេញពីភូមិ ដោយសារតែមានការព្រួយបារម្ភ នឹងអាចឈានដល់ការចាប់ខ្លួន ។
នៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ តំណាងសហគមន៍ថ្នល់បត់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ អ្នកស្រី ឡុង សុគន្ធី ត្រូវបានតុលាការ ចេញដីកានាំខ្លួន ហើយបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន តាមបណ្តឹង របស់លោក យី ភារម្យ ជាមេភូមិបឹងស្នោរ ឃុំស្លក្រាម ដែលជាគូរបដិបក្ខ ជាមួយសហគមន៍ថ្នល់បត់ ហើយលោក យី ភារម្យ បានជោគជ័យហើយ គោលបំណងរបស់លោកចង់ឲ្យតំណាងសហគមន៍ ជាប់គុក ហើយដើម្បីយកដីរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើទីផ្សារយកលក់ឲ្យអ្នកមកពីខេត្តផ្សេងៗ ។ សារព័ត៌មានខ្មែរជាយដែន បានជួបសំភាសន៍ប្រវត្តិដីធ្លីខ្លះពីប្រជាពលរដ្ឋអ្នកចាស់ទុំដឹងរឿងដីធ្លីនៅ កន្លែង នោះ និងអតីតៈទាហ៊ាន ដែលធ្លាប់បានឈរជើងនៅចំណុចនោះ តែយើងនៅតែរង់ចាំការប្រត្តិកម្ម ពីលោក ឧកញ៉ា សំ ផាន់ណារិទ្ធិ និង លោក យី ភារម្យ នៅក្នុងរឿងនេះ យើងនឹងធ្វើការចុះផ្សាយជូន ជាបន្តទៀត ៕