ឆេះសាលាឆាន់ក្នុងវត្តក្រូចសើច សង្ស័យបុរសម្នាក់លួចដុត!
ខេត្តកំពង់ចាមៈសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចដុតសាលាឆាន់មានទំហំទទឹង១០
ម៉ែត្របណ្តោយ២១ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងបណ្តាលអោយឆេះខ្ទេចគ្មានសល់និងខូចខាតសម្ភារះមួយចំនួនធំ។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង០២និង១៥នាទី ទាបភ្លឺនៅថ្ងៃច័ន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨
ក្នុងវត្តក្រូចសើច ស្ថិតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សមត្ដកិច្ចបានអោយដឹងថា៖ក្រោយពីទទួលបានព័ត៌មានករណីអគ្គីភ័យឆាបឆេះ កម្លាំងជំនាញបង្ការពន្លត់អគ្គីភ័យស្រុកកំពង់សៀម បានសហការជាមួយកម្លាំងបង្ការពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តទៅជួយ អន្តរាគមន៍ពន្លត់ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០៧រថយន្ត ទើបរលត់ ។
ទោះជាយ៉ាងណាមានការខូចខាតសម្ភារៈ ដូចជា សាលាឆាន់ដែលត្រូវរងការឆេះមានទំហំទទឹង១០ម៉ែត្របណ្តោយ២១ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ។
ទូរដាក់សម្ភារៈធ្វើអំពីឈើ ចំនួន០១ ចានឆ្នាំង ទូកឈើចំនួន០១ គ្រែដេកចំនួន០៥ ។
មូលហេតុឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាអ្នកដុតបំផ្លិចបំផ្លាញ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញស្រុកកំពង់សៀម បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ហាន់ជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងបង្រ្កាបបានជនសង្ស័យឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននៅនឹងកន្លែងកើតហេតុនាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមដើម្បីធ្វើការសួរនាំរៀបចំកសាង ឯកសារសំណុំរឿងតាមនីតិវិធី៕