ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀនជាង ២០០ដប
បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ និងរឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនដាក់ក្នុងដបចំនួន ២៥០ដប និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅខេទឹកកក ចំនួន២ថង់តូច ស្មើ៥.២៨ក្រាម រួមនឹងសម្ភារៈមួយចំនួនទៀត។ ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានតាផាន់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រោយទទួលបានវិធានការពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីសំណាក់លោក មាសច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយសហការជាមួយកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវរហូតឈានដល់ដេញស្ទាក់ចាប់ បានរថយន្ត១គ្រឿង ម៉ាកកាមរីបានឡែន ពណ៌ស្ករ ពាក់ស្លាក់លេខ បន្ទាយមានជ័យ 2A.4432 និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ គឺឈ្មោះ ឡាយ ទិត្យសីហា ភេទប្រុស អាយុ២៨ឆ្នាំ(ម្ចាស់ថ្នាំ) រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបាត់ដំបង និងឈ្មោះ ឌឿម មិនា ភេទប្រុស អាយុ២២ឆ្នាំ (ម្ចាស់ឡាន) រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងអំឡុងប្រតិបត្តិការខាងលើនោះដែរ កម្លាំងជំនាញ បានដកហូតវត្ថុតាង ថ្នាំញៀនប្រភេទកេតាមីនដាក់ក្នុងដបចំនួន ២៥០ដប និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅខេទឹកកក ចំនួន២ថង់តូច ស្មើ៥.២៨ក្រាម រថយន្ត១គ្រឿង ទូរស័ព្ទដៃ៤គ្រឿង អត្ថសញ្ញាណប័ណ្ណ១សន្លឹក ប័ណ្ណបើកបរ១សន្លឹក កាតគ្រីរថយន្ត១សន្លឹក និងប័ណ្ណធនាគារ១សន្លឹក។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន និងសាកសួរជនសង្ស័យឈ្មោះ ឡាយ ទិត្យសីហា បានសារភាពថា ថ្នាំនេះគេទទួលពីស្ត្រីម្នាក់នៅខេត្តបាត់ដំបង យកទៅក្រុងប៉ោយប៉ែត ហើយឈ្មោះ ឌឿម មិនា បានសារភាពថា ខ្លួនគ្រាន់តែជាអ្នករត់តាក់ស៊ី ដែលឈ្មោះ ឡាយ ទិត្យសីហា បានម៉ៅរថយន្តរបស់ខ្លួនជិះតែម្នាក់ឯង ពីខេត្តបាត់ដំបងទៅក្រុងប៉ោយប៉ែត ក្នុងតំលៃ១២ម៉ឺនរៀល។
លោកថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផងដែរ៕