ជនសង្ស័យ0៦នាក់ យកឈ្មោះលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជនាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើរប្រមូលមនុស្សឲ្យចូលធ្វើអាវុធហត្ថដោយខុសច្បាប់ត្រូវបានឃាត់ខ្លួន!
ភ្នំពេញ៖ ពិតជាហ៊ានមែនជនសង្ស័យមួយក្រុមមានគ្នសចំនួន៦នាក់បានប្រើឧបាយកលទុច្ចរិត យកឈ្មោះលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជនាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើរប្រមូលមនុស្សឲ្យចូលធ្វើអាវុធហត្ថដោយខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនចាត់ការទៅតាមផ្លូវច្បាប់។
នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ៨៩B ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចូលរួមសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ និងស្នងការយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ទោ ម៉ែន ហុង ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង អមអយ្យការតុលាការយោធា។
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ បុគ្គលទាំង ០៦នាក់នោះ រួមមានទី១៖ឈ្មោះ ចក់ ស៊ាងលី ភេទប្រុស អាយុ ៤៩ឆ្នាំ តាំងខ្លួនជាឧត្តមសេនីយ៍ត្រី ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង, ទី២៖ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ ៥០ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ឯក ស្នាក់នៅផ្ទះ ៨៩បេ ផ្លូវ ២០៤សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក, ទី៣៖ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ ៣៩ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ត្រី, ទី៤៖ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ តាំងខ្លួនជាវរសេនីយ៍ទោ, ទី៥៖ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ ៤០ឆ្នាំ តាំងជាវរសេនីយ៍ទោ ស្នាក់នៅភូមិ កណ្តឹងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងទី៦៖ឈ្មោះ ឡៅ ប៉ោឃាង ភេទប្រុស អាយុ ៤៧ តាំងខ្លួនជាវរសេនីយ៍ទោ។
ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញបានដកហូតបាន ឯកសណ្ឋានអាវុធហត្ថចំនួន ២៤កំប្លេរ, សក្ដិវរសេនីយ៍ចំនួន ១៣គូ, មេដាយការងារ ១៣គ្រឿង, ស៊ិញរូបស្វា ១៥គ្រឿង, ស៊ិញអគ្គបញ្ជាការ ១៦គ្រឿង, ស៊ិញអាវុធហត្ថកអាវ ១០គូ, ផ្លាកឈ្មោះចំនួន ៧ផ្លាក, ម៉ាស៊ីព្រីន ១គ្រឿង កុំព្យូទ័រយូដៃ១, ត្រាឈ្មោះ និងត្រាផ្សេងៗ ១១ត្រា និងម៉ូតូចំនួន៣គ្រឿងផងដែរ៕