កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវជាតិលេខ៦៨ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមុនថ្ងៃបោះឆ្នោត!
ឧត្តរមានជ័យៈដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់នៅមុនថ្ងៃបោះឆ្នោតសមត្ថកិច្ចនគរបាលក្រុងសំរោងបានធ្វើការ សហការជាមួយកម្លាំងកងរាជអាវុធហត្ថបានដាក់កម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវជាតិលេខ៦៨ ដោយសហកម្លាំងចម្រុះ។
ប្រតិបត្រការនេះធ្វើឡើងនៅ វេលាម៉ោង ១៨ និង០០ នាទី យប់ ថ្ងៃអង្គារ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំច ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានអោយដឹងថាការដាក់កម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវជាតិលេខ៦៨ហួសរង្វង់មូលដៃ៨ស្ថិតក្នុងភូមិអូរកន្សែងសង្កាត់សំរោងក្រុងសំរោងនេះគឺអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសថាវីប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តនិងមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តអំពីការពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។ដោយមានកម្លាំងនគរបាល ១១នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ០៤នាក់ ផ្នែកសឹករងក្រុង ០៦នាក់ ដឹកនាំរួមដោយលោក អ៊ុន សុភ័ក្រអភិបាលក្រុងសំរោងនិងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង កម្លាំងសរុបចំនួន ២១ នាក់ ទោះជាយ៉ាងណាជាលទ្ធផលពុំទាន់មានអ្វីប្រែប្រួលទេ ដោយសភាពការណ៍ស្ងប់ស្ងាត់ធម្មតា ៕