ប្រជាពលរដ្ឋស្នើដល់ ACU ចុះអង្កេតបទល្មើស លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១
ខេត្តព្រៃវែង៖ មន្ត្រីរាជការថ្នាក់ទាប អាជីវកររកស៊ីដឹកទំនិញតូចតាច ពិសេសប្រជាពលរដ្ឋ រស់នៅខេត្តព្រៃវែង បានស្នើដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ស្នើឱ្យជួយបញ្ជូនមន្ត្រីជំនាញស្អាតស្អំ ចុះស៊ើបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីឬអំពើពុករលួយ របស់ លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ និងគូកន ទាក់ទងបទល្មើសឃុបឃិតជាមួយឈ្មួញរជាថ្នូរអនុញ្ញាតឲ្យនាំចូលទំនិញគេចពន្ធបង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញធុនធំមួយចំនួនទៀត ដឹកចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសដឹកទៅកាន់រាជធានីភ្នំពេញ។
លោក ផែន ភឿន ត្រូវបានមន្ត្រីរាជការ អាជីវករឬអ្នករកស៊ីដឹកទំនិញ និងពលរដ្ឋរស់នៅខេត្តព្រៃវែង អះអាងថា កំពុងត្រូវប៉ាន់ជាមួយការប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធ ដោយក្នុងរថយន្ត១គ្រឿង ត្រូវបង់លុយរាប់ពាន់ដុល្លារអាមេរិកក្នុង១ខែៗ ជាថ្នូរបើកភ្លើងខៀវមិនឲ្យមន្ត្រីគយខ្លួនត្រូវពិនិត្យ និងមិនផាកពិន័យបង់ពន្ធចូលរដ្ឋជាដើម។
ជាងនេះទៀតប្រភពឲ្យដឹងថា សូម្បីអាជីវករលក់ម៉ូតូអត់ពន្ធ នៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿង ស្រុកពាមរ៍ ក៏តម្រូវឲ្យពួកគេបង់លុយដាក់ខែ ជូនមន្ត្រីគយចល័ត ដឹកនាំដោយ លោក ផែន ភឿនខាងលើដែរ ដោយក្នុង១ខែៗ ត្រូវបង់លុយចាប់ពី ៤០០ដុល្លារ ទៅ៦០០ដុល្លារសម្រាប់ហាង ឬទីតាំងលក់ម៉ូតូអត់ពន្ធ១កន្លែង។
ប្រជាពលរដ្ឋខេត្តព្រៃវែង ឲ្យដឹងថា ទីស្នាក់ការគយចល័តផ្លូវជាតិលេខ១ ដែលដឹកនាំដោយ លោក ផែន ភឿន គឺមានទីតាំងនៅជាប់ផ្លូវជាតិលេខ១ ត្រង់ចំណុច ភូមិទួលល្ពាក់ ឃុំរំចេក ស្រុកព្រះស្ដេច។
ប្រភពពីឈ្មួញដឹកទំនិញពីវៀតណាម ក៏បានចោទលោក ផែន ភឿន ប្រធានគយចល័យតាមផ្លូវជាតិលេខ១ថា កំពុងធ្វើឲ្យឈ្មួញឬពាណិជ្ជករ ទាំងអ្នករកស៊ីស្របច្បាប់ និងល្មើសច្បាប់មិនពេញចិត្តជាខ្លាំង ព្រោះរាល់ថ្ងៃនេះ មន្ត្រីគយចល័យផ្លូវជាតិលេខ១ បានដាក់កុងត្រូលជជុះតាមផ្លូវជាតិនេះ និងប្រើរថយន្តសម្រាប់បើកដេញតាមចាប់រថយន្តដឹកផ្លែឈើ និងរថយន្តដឹកទំនិញផ្សេងទៀត ដោយបានគាបឲ្យឈ្មួញ ឬអាជីវកររកស៊ីនាំចូលទំនិញដឹកតាមផ្លូវជាតិលេខ១ពីប្រទេសវៀតណាម គាបឲ្យបង់លុយច្រើនសន្ធឹកសន្ទាបទៅឲ្យក្រុមខ្លួនជាប្រចាំថ្ងៃ និងដាក់ប្រចាំខែតាមការព្រមព្រៀង ប៉ុន្តែមិនមានចេញលិខិតស្នាម ឬវិក្កយបត្រជូនទេ។
ទាក់ទិនបញ្ហានេះ ក្រុមឈ្មួញមួយចំនួន ដែលត្រូវ លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ បានបញ្ជាឲ្យមន្ត្រីជំនាញក្រោមឱវាទខ្លួន ចុះគាបលុយពីរបររកស៊ីដឹកទំនិញបន្លែផ្លែឈើ រត់ពន្ធម៉ូតូ និងទំនិញផ្សេងៗ នាំចូលតាមច្រកទ្វារមួយចំនួន នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង គឺការផាកពិន័យពីពួកគេ ដោយមន្ត្រីគយចល័តទាំងនោះ មិនបានចេញវិក្កយបត្រជូនពួកគាត់ទេ។
ងាកមកអាជីវករតូចតាចឲ្យដឹងដែរថា សម្រាប់រ៉ឺម៉កដឹកទំនិញសំពីងសំពោង ចេញពីប្រទេសវៀតណាម ឆ្លងកាត់ទីស្នាក់ការគយចល័យផ្លូវជាតិលេខ១ ក៏ត្រូវក្រុមលោក ផែន ភឿន តម្រូវឲ្យបង់លុយឲ្យមន្ត្រីខ្លួនចំនួន១៥០,០០០រៀល ក្នុងរ៉ឺម៉ក១គ្រឿងជាដាច់ខាត។ រីឯរ៉ឺម៉កម៉ូតូដឹកបន្លែវិញ គឺត្រូវលោកគយ តម្រូវឲ្យបង់លុយជូនចាប់ពី ៣ ទៅ ៥ម៉ឺនរៀល ក្នុងការដឹក១ជើងៗ និងសម្រាប់រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើវិញ គឺត្រូវបង់ចាប់ពី ៨ទៅ១៥ម៉ឺនរៀល ក្នុងរថយន្ត១គ្រឿង។
ប្រភពដដែលឲ្យដឹងទៀតថា សម្រាប់រថយន្តដឹកទំនិញធុនធំ ឬមានភ្លៅ៣ ដល់ភ្លៅ៥ ដែលជាប្រភេទរថយន្តយីឌុបដឹកទំនិញធំៗចេញពីប្រទេសវៀតណាម ឆ្លងកាត់ទីស្នាក់ការគយចល័តតាមផ្លូវជាតិលេខ១វិញ គឺត្រូវបង់លុយចាប់ពី ១៥០០ដុល្លារអាមេរិក ទៅ៣០០០ដុល្លារអាមេរិក ក្នុង១ខែ សម្រាប់រថយន្តធំ១គ្រឿង។ ក្នុងនោះក៏មានឈ្មួញខ្លះបានបង់លុយគិតជាជើង ទៅតាមការដឹកទំនិញច្រើនឬតិច វាអាស្រ័យលើការស្រុះស្រួលគ្នា។
លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ មិនសុំការបំភ្លឺបានទេ៕