ឯកឧត្តមឧត្តមសេនីយ៏ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចុះសម្របសម្រួល ករណីថៅកែសិប្បកម្ម ចែស៊ឹង មិនព្រមបើកលុយអោយកម្មករ!
កណ្ដាល៖ នៅថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨វេលាម៉ោង១៩,៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយពង្រឹងមូលដ្ឋានឃុំសា្អងភ្នំ បានចុះមកសម្របសម្រួលជាមួយកម្មករ និងថៅកែសិប្បកម្ម ចែសីុង ស្តិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ក្នុងករណី ថៅកែសិប្បកម្ម ចែសីុងមិនព្រមបើកប្រាក់ខែអោយកម្មករចំនួន១៧៣នាក់ ហើយធ្វើអោយកម្មករប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ដោយបិទផ្លូវឃាត់រថយន្តរបស់សិប្បកម្មមិនអោយដឹកអីវ៉ាន់ចេញពីសិប្បកម្ម ។
បន្ទាប់ពីធ្វើការសម្របសម្រួលរវាងកម្មករ និងថៅកែសិប្បកម្ម ចែសីុង រួចមក ឯកឧត្តម អ៊ាវ ចំរើន បានបញ្ជារ អោយថៅកែសិប្បកម្ម នេះ បើកប្រាក់ខែអោយកម្មករដែលនៅសល់ចំនួន ១៧៣នាក់ ខាងលើ នៅវេលាម៉ោង ២៣,០០នាទីយប់ ថ្ងៃនេះតែម្ដង ។
ចំណែកកម្មករដែលមិនទាន់បានមកបើកយប់នេះមានចំនួន ៥៨នាក់ស្មើរនឹងប្រាក់ចំនួន ៣០៧២$(បីពាន់ចិតសិបពីរដុល្លា) និងបន្តបើកអោយអស់នៅថ្ងៃទី០៩/០៨/២០១៨វេលាម៉ោង០៨នឹង០០នាទីព្រឹក ។
ក្រោយពីបានបើកប្រាក់ខែរួចកម្មករបានថ្លែងអំណគុណដល់ ឯកឧត្ដម ស្នងការ និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ពីសុខនិងទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនិងកម្មករ គ្រប់ពេលវេលាជានិច្ច ។