ទំនិញពាក់ព័ន្ធនិងកម្មសិទ្ធបញ្ញា ចេញពីព្រំដែនកម្ពុជា ត្រូវថៃចាប់៣ឡាន!
ប្រទេសថៃ ៖ ទំនិញល្មើសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ និងមានតម្លៃប្រមាណជាង ១១ លានបាត ត្រូវបានក្រុមតម្រួតថៃរួមជាមួយនិងគយរដ្ឋាករខេត្តឆៈឈើងសៅចាប់បានខណៈដែលរថយន្តជាច្រើនគ្រឿងបានដឹកទំនិញទាំងនេះចេញពីចំណុចផ្សាររោងក្លឿរដែលស្ថិតនៅជាប់និងខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ។
របាយការណ៍ដែលយើងទទួលបានគឺកិច្ចប្រតិបត្តិការដែលក្នុងនោះមានកំលាំងជំនាញនៃស្នងការដ្ឋានខេត្តឆៈឈើងសៅរួមជាមួយនិងអង្គភាពគយនិងរដ្ឋាករខេត្តបានចុះត្រួតពិនិត្យនៅលើកំណាត់ផ្លូវខ្សែលេខ ៣៥៩ ( ផ្លូវខេត្តស្រះកែវថ្មី )ត្រង់ចំណុចឃុំបាងកែវស្រុកមឿងខេត្តឆៈឈើងសៅប្រទេសថៃនារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨ ។នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះ បានឃាត់រថយន្តសណ្តោងប្រភេទយីឌុបចំនួន ៣ គ្រឿងដើម្បីត្រួតពិនិត្យ ។ នៅក្នុងនោះដែរកំលាំងបានរកឃើញទំនិញជាច្រើនប្រភេទដែលសុទ្ធសឹងជាប្រភេទទំនិញល្មើសច្បាប់ ពាក់ព័ន្ធនិងកម្មសិទ្ធបញ្ញាដោយគ្មានឯកសារអ្វីបន្តិចសោះសម្រាប់ការនាំចូលទៅក្នុងប្រទេសថៃ ។
ក្រោយពេលត្រួតពិនិត្យគេសង្គេតឃើញថាទំនិញនោះមានខោ អាវឈុតកីឡាកាបូបស្ពាយនិងខ្សែក្រវ៉ាត់ដែលទាំងនេះជាទំនិញល្មើសច្បាប់ឯទំនិញចំនួន ៥៥២ការ៉ុងទៀតគឺជាប្រភេទទំនិញលេខ២ដែលក្នុងនោះមាន ខោ អាវកាបូបស្ពាយនិងស្បែកជើងបើសរុបជាទឹកប្រាក់ប្រមាណ១១.៩០១ ៦០០ បាត ។តាមការសារភាពពីសំណាក់អ្នកបើកបរថយន្តបានអោយដឹងថាទំនិញទាំងអស់នេះគឺពួកគេបានសុីឈ្នួលដឹកចេញពីទីតាំងផ្សាររោងក្លឿរក្នុងស្រុកអារញ្ញប្រាថេតខេត្តស្រះកែវដែលស្ថិតនៅជាប់និងខ្សែបន្ទាត់ព្រំដែនកម្ពុជា ( ខេត្ត បន្ទាយមានជ័យ ) ។
បច្ចុប្បន្នទំនិញតាំងអស់នេះត្រូវបានកំលាំងជំនាញនាំយកទៅរក្សាទុកដើម្បីមានវិធានការតាមផ្លូវច្បាប់ ៕