ប្រទះឃើញសាកសពលង់ទឹកស្លាប់២នាក់ ឪពុកនិងកូនក្នុងបឹងក្រោយភូមិផ្អើលទាំងព្រឹក!
ខេត្តព្រៃវែង៖ឪពុកនិងកូនស្រី នាំគ្នាទៅរាយសន្ទូច បាត់មួយយប់ ព្រលឹមឡើង ត្រូវបានអ្នកស្រុកប្រទះឃើញលង់ទឹកស្លាប់ទាំង២នាក់ ក្នុងបឹងក្រោយភូមិ។
ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រោយពីប្រទះឃើញសាកសព ឪពុក និង កូនស្រី នៅចំណុចបឹងមួយកន្លែង ក្រោយភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ជនរងគ្រោះទាំង០២នាក់ រួមមានឈ្មោះដូចខាងក្រោម៖ ឳពុកឈ្មោះ រឿន រិត មានអាយុ៤៥ឆ្នាំ និងកូនឈ្មោះ រិត ស្រីម៉ិច ភេទស្រីអាយុ១៤ឆ្នាំ អ្នកទាំង០២ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។ បើយោងតាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ៖ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ០២នាក់ ឪពុកនិងកូន គឺគាត់បាននាំគ្នាមករាយសន្ទូចក្រោយភូមិកើតហេតុខាងលើ។ ហើយក៏បាត់ដំណឹងសូន្យមិនឃើញវិលមកផ្ទះវិញសោះ ទើបបងប្អូនក្រុមគ្រួសារ មានការសង្ស័យឆ្ងល់ លុះព្រឹកឡើងថ្ងៃទី១៣ ខែឆ្នាំដដែល ទើបគេប្រទះ ឃើញសពអ្នកទាំងពី នៅចំណុចបឹងខាង ក្រោយភូមិ។ ទើបក្រុមគ្រួសារ និង សមត្ថ កិច្ច ចុះទៅយកសពមកផ្ទះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ តាមការពិនិត្យរបស់សមត្ថកិច្ច ជាក់ស្ដែង ជនរងគ្រោះ ពិតជាបានលង់ទឹកស្លាប់ដោយ ខ្លួនឯងមែន ខណៈពួកគេដើររាយសន្ទូច ឈានជើងចូលរណ្ដៅទឹកជ្រៅ រួចជួយគ្នាបណ្ដាលអោយលង់ស្លាប់ទាំង០២នាក់ឪពុកនិងកូនតែម្ដង៕