លោកគាំ សារឿនយកអំណាចរំលោភ សជណ យកអាងទឹករដ្ឋ មកធ្វើអាជីវកម្ម ចាប់ក្រុមប្រឹក្សាឃុំបក្សប្រជាជន ដាក់គុក ព្រោះតវ៉ាការពារពលរដ្ឋទៀត
ភ្នំពេញ៖លោក វិល្លាម បានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នេះទាក់ទាងនឹងសំណុំរឿងលោកឧត្តមសេនីយ៍ឯក គាំ សារឿន ដែលត្រូវពលរដ្ឋ៩ភូមិជាង ១០០០គ្រួសារ ប្ដឹងករណីរំលោភ សជណ យកដីនៅអាងទឹកសាធារណៈ តំបន់២ តំបន់៣ របស់រដ្ឋមកធ្វើអាជីវកម្ម បានមកដល់សមាជិកឧត្តមក្រុមប្រឹក្សាជាលើកទី២ហើយ បន្ទាប់ពីឧត្តមសេនីយ៍រូបនេះ បានប្ដឹងចាប់ក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជាមួយរូប ដាក់ពន្ធធនាគា ដោយក្រុមប្រឹក្សាឃុំនោះត្រូវបានពលរដ្ឋជ្រើសជាតំណាងតវ៉ាប្រឆាំងនិងលោកផ្កាយ៣ ប្ដឹងមកឧត្តមក្រុមប្រឹក្សាម្ដងហើយ ព្រោះទ្រាំមិនបាននឹងការគាបសង្កត់ជាច្រើនឆ្នាំ។
លោកវីល្លាម បានបន្តថា ករណីនេះកើតឡើងនៅ ឃុំចំណារលើ ស្រុកស្ទោងខេត្តកំពង់ធំ ពលរដ្ឋ បានអះអាងថា វាជាភាពអសកម្មរបស់រដ្ឋបាលខេត្ត ដែលមិនអនុវត្តន៍ សជណ របស់រដ្ឋាភិបាល និងបណ្ដោយឲ្យ លោកឧត្តមសេនីយ៍ឯក គាំ សារឿន យកតំបន់អាងទឹកសាធារណៈរបស់រដ្ឋ យកទៅធ្វើអាជីវកម្មជំរិតយកលុយ ពីពលរដ្ឋឲ្យគាត់រងគ្រោះរាប់សិបឆ្នាំមកហើយ ពុំដែលទទួលបានដំណោះស្រាយទេ ដីនិងអាងទឹករបស់រដ្ឋ គឺពលរដ្ឋទាំងអស់ ត្រូវជនផ្កាយ៣នោះបង្ខំឲ្យជួលពីគេទៅវិញ នរណាតវ៉ាគឺត្រូវគេលាបពណ៌ថាបក្សប្រឆាំង ហើយរករឿងដាក់គុកច្រវ៉ាក់ ខណៈដែលភូមិនោះគណបក្សប្រជាជន ទទួលសំឡេងនាំមុខរហូតមក ។
ករណីនេះ សមាជិកឧត្តមក្រុមប្រឹក្សា កំពុងសិក្សារកអ្នកពាក់ព័ន្ធ អ្នកឃុបឃិតបន្ថែមទៀត ដើម្បីទទួលបានតម្រុយដាក់ជូនប្រមុខរដ្ឋាភិបាល ពិនិត្យចាត់វិធានការ ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកយកព័ត៌មាន មិនអាចទំនាក់ទំនងលោកឧត្តមសេនីយ៍ឯក គាំ សារឿន សុំការភ្លឺបានទេ នៅថ្ងៃទី១២ខែតុលានេះ៕