រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការទូទាំងខេត្ត ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការទូទាំងខេត្តបន្ទាយមានជ័យ ប្រារព្វពិធីគោរពព្រះវិញ្ញណក្ខន្ធព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ ដែលមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ អភិបាលក្រុង-ស្រុក សិស្ស និស្សិត តាជីយាយជី បានចូលរួមធ្វេីឡេីងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។
គួររំលឹកថា ព្រះបរមរតនកោដ្ឋបានយាងចូលទីវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១៖២០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា។
សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរជនលេចធ្លោបំផុត ក្នុងឆាកន យោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ ។ ព្រះអង្គឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែររហូតដល់ទៅ២លើក ហើយបានដាក់រាជ្យ២លើក សម្តេចព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាពការផ្សះផ្សារជាតិ និងការបង្កើត របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០៕