លោក សម រង្ស៊ី ថា មិត្តបរទេសកាន់តែច្រើន កំពុងទិញសំបុត្រយន្តហោះ ត្រៀមមកខ្មែរជាមួយលោក
ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែតុលា លោក សម រង្ស៊ី បញ្ជាក់ដូច្នេះថា៖«ការងារទាំងអស់នេះ គឺកំពុងតែរៀបចំទិញសំបុត្រយន្តហោះ ដើម្បីទៅដល់ពេលណា អ្នកណាដល់មុន អ្នកដល់ក្រោយ ទៅជួបគ្នាយ៉ាងម៉េច នៅទីណា គឺយើងគិតគូរដោះស្រាយបញ្ហាទាំងអស់នេះ»។
មេដឹកនាំប្រឆាំងរូបនេះ ប្រាប់ឲ្យដឹងតែសមាជិកសភាសហភាពអឺរ៉ុបប៉ុណ្ណោះ ដែលនឹងរួមដំណើរជាមួយលោក តែចំពោះសមាជិករដ្ឋសភានិងសមាជិកព្រឹទ្ធសភានៃប្រទេសដទៃទៀត លោក ពុំបានបង្ហើបឲ្យចំឈ្មោះនោះទេ។ លោក បន្តថា ក្រៅពីសមាជិករដ្ឋសភានិងសមាជិកព្រឹទ្ធសភា ក៏មានអ្នកសង្កេតការណ៍ អង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានផងដែរ ដែលនឹងចូលរួមជាមួយលោក ក្នុងការវិលមកកម្ពុជាវិញ។
លោក សម រង្ស៊ី ប្រហែលជាមិនហោះត្រង់មកកម្ពុជានោះទេ។ ទោះមិនទាន់បង្ហាញឲ្យច្បាស់ក៏ដោយ ថាប្រទេសណាដែលលោក នឹងមកប្រមូលផ្តុំកម្លាំង ដើម្បីដឹកនាំចូលមកកម្ពុជា តែគោលដៅរបស់លោក ទំនងជាប្រទេសថៃ។
លោក សម រង្ស៊ី ពឹងផ្អែកខ្លាំងលើពលករខ្មែរនៅប្រទេសថៃ ដោយលោក អះអាងថា នៅថៃ មានពលករខ្មែរប្រមាណជា២លាននាក់ឯណោះ ហើយក៏រំពឹងដែរថា ពលករខ្មែរនៅប្រទេសដទៃទៀត ដូចជា កូរ៉េ និង ម៉ាឡេស៊ី ជាដើម នឹងមកប្រមូលផ្តុំគ្នានៅប្រទេសថៃ។
លោក ថ្លែងក្នុងវិទ្យុអាស៊ីសេរីថា៖«ថាត្រឹម១០ភាគរយចុះ ១០ភាគរយនៃ២លាននាក់ គឺ២សែននាក់។ បើ២សែននាក់ យើងមកប្រមូលផ្តុំគ្នា ហើយចូលមកប្រទេសកម្ពុជា យើងមកចាប់ដៃជាមួយប្រជាពលរដ្ឋក្នុងស្រុក ពេលនោះលោក ហ៊ុន សែន វង្វេងហើយ»។
លោក បង្ហើបទៀតថា លោក និង ពលករខ្មែរដែលប្រមូលផ្តុំគ្នានៅថៃ នឹងចូលមកកម្ពុជាតាមព្រំដែន ដោយថ្មើរជើង។ លោក និយាយថា៖«បើគ្នារាប់ម៉ឺនរាប់សែននាក់ ឲ្យទៅជិះយន្តហោះម៉េចកើត មានយន្តហោះណា ដឹកពួកយើង មានតែយើងធ្វើដំណើរថ្មើរជើងទាំងអស់គ្នា»។
អ្នកស្រី មូរ សុខហួរ ប្រធានគណៈកម្មការរៀបចំមាតុភូមិនិវត្ត ផ្តល់ព័ត៌មាននាពេលថ្មីៗនេះថា មានថ្នាក់ដឹកនាំប្រឆាំងមួយចំនួនហើយ ដែលបានចូលមកតំបន់អាស៊ី ហើយអ្នកផ្សេងទៀត នឹងចាប់ផ្តើមចូលមកជាបន្តបន្ទាប់។
នៅថ្ងៃទី១៩ ខែតុលានេះ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរក្នុងតេឡេក្រាមដូចលើកមុនថា ក្រុមលោក សម រង្ស៊ី មិនហ៊ានចូលស្រុកនោះទេ។ លោក ចំអកថា៖«ទណ្ឌិតរត់ចោលស្រុកថាមានប្រជាជន២លាននាក់មកពីប្រទេសថៃ នឹងមកទទួលខ្លួនដូចស៊ូណាមិ។ បើគគ្រឹកគគ្រេងដូចស៊ូណាមិ នឹងជាន់គ្នាងាប់អស់ហើយ មានន័យថាទណ្ឌិតនេះ មិនហ៊ានមកចូលស្រុកខ្មែរទេ»៕